ព័ត៌មានទាន់ហេតុការណ៍៖

លោក នួន ផារ័ត្ន ៖ បណ្តារាជធានី និង រដ្ឋធានីអាស៊ានក្រោយបញ្ចប់នៃកិច្ចប្រជុំនិងទទួលបានបទពិសោធន៍អភិវឌ្ឍទីក្រុងជាច្រើន ដើម្បីប្រែក្លាយទៅជាទីក្រុងឆ្លាតវៃ និងមានភាពធន់

ចែករំលែក៖

ភ្នំពេញ​៖​ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្រោយបញ្ចប់នៃប្រជុំនេះបណ្តារាជធានី និងរដ្ឋធានីអាស៊ានទទួលបានបទពិសោធន៍អភិវឌ្ឍទីក្រុងជាច្រើន ដើម្បីប្រែក្លាយទៅជាទីក្រុងឆ្លាតវៃនិងមានភាពធន់ ជាពិសេសអាចដោះស្រាយបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ននិងទៅអនាគត ។

   ក្នុងសន្និសីទសារព័ត៌មានស្តីពីកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងវេទិកាប្រជុំអភិបាលក្រុងអាស៊ានឆ្នាំ២០២២ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី០៣ ធ្នូ ២០២២នៅ សណ្ឋាគារសុខារ៉េស៊ីដង់ថា ៖ ក្នុងវេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២នេះ បណ្តារាជធានីនិងរដ្ឋធានីអាស៊ាន បានជជែកគ្នា ចែករំលែកនូវបទពិសោធន៍ ទស្សនៈ និងចក្ខុវិស័យក្នុងការអភិវឌ្ឍរាជធានីរបស់ប្រទេសរៀងៗខ្លួន ជាពិសេសបានរំលេចចេញនៅសមិទ្ធផល នៃស្នាដៃការងារក្នុងការរអភិវឌ្ឍទីក្រុងរបស់ខ្លួន និងបានបង្ហាញពីការប្តេជ្ញាចិត្ត ដែលជាចក្ខុវិស័យក្នុងការអភិរឌ្ឍរដ្ឋធានីរបស់ខ្លួនឱ្យកាន់តែរីកចំរើន ឆ្លើយតបទៅនិង តម្រូវការរបស់ប្រជាពលរដ្ឋ ។ 

    លោកបញ្ជាក់ថា ក្នុងនោះសង្កេតឃើញថា រាជធានី-រដ្ឋធានីទាំងអស់មានបញ្ហាប្រឈមមិនខុសគ្នាប៉ុន្មាននោះទេ ដែលកើតចេញពីការអភិវឌ្ឍទីក្រុង ដែលរួមមាន៖ បញ្ហាចរាចរណ៍ បញ្ហាពង្រីកគម្រោងបៃតង បញ្ហាគំរាមគំហែងដោយគ្រោះធម្មជាតិ ជាពិសេសជំនន់ទឹកភ្លៀង និងបញ្ហានៃការអភិវឌ្ឍផ្សេងៗទៀត រួមទាំងការរៀបចំលំនៅដ្ឋានមិនសមរម្យសម្រាប់អ្នកចំណូលទាបផងដែរ ។

លោកបានបន្តថា បញ្ហាប្រឈមទាំងអស់នេះគឺបានលើកយកមកពិភាក្សា ចែករំលែកជាទស្សនៈ និងបទពិសោធន៍ល្អៗ រវាងរដ្ឋធានីនិងរាជធានី ។ ចំណុចនេះគឺជាចំណុចមួយដែលសំខាន់ ដែលរដ្ឋធានីរាជធានីទាំងអស់ បានគិតថា នេះជាចំណុចមួយដែលត្រូវចែករំលែកគ្នា ផ្តល់នូវអនុសាសន៍ល្អៗ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ដើម្បីអភិវឌ្ឍទីក្រុងទាំងអស់នេះ ឱ្យក្លាយទៅជារដ្ឋធានី រាជធានី ដែលមានភាពទាក់ទាញខាងផ្នែកបរិស្ថាន ដែលមានភាពល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ។

      សូមបញ្ជាក់ថា៖ វេទិកាអភិបាលក្រុ ងអាស៊ាន AMF និងកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ ខែធ្នូឆ្នាំ២០២២នេះបានបញ្ចប់ដោយជោគជ័យជាមួយផ្លែការយ៉ាងត្រចះត្រចង់  ដោយបណ្តាល ទីក្រុងនៃប្រទេសអាស៊ានទាំងអស់បានទទួលយកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនសម្រាប់ អភិវឌ្ឍន៍ទីក្រុងរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

   តាមរយៈវេទិកា និងកិច្ចប្រជុំនេះ សម្រេចបានឯកសារជាប្រវត្តិសាស្ត្រចំនួន ២ ច្បាប់ រួមមាន (ទីមួយ) សេចក្តីប្រកាសរួមកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលមានខ្លឹមសារចំនួន ៦ ចំណុច និង (ទីពីរ) សេចក្តីថ្លែងការណ៍វេទិកាអភិបាលក្រុងអាស៊ាន (AMF) ឬហៅថា សេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញឆ្នាំ២០២២ ដែលមានខ្លឹមសារចំនួន ១២ចំណុច ពោលគឺសមស្របទៅនឹងប្រធានបទដែលបានកំណត់។ឯកសារជាប្រវត្តិសាស្ត្រទាំងពីរនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមរបស់ អភិបាល/អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និងក្រុង នៃប្រទេសជាសមាជិកអាស៊ាន ក្នុងការពួតដៃគ្នបន្តដំណើរទៅមុខរួមគ្នា និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព សម្រាប់បម្រើឱ្យកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមស្របតាមចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥ ផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖