ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារបន្ទាប់ពីប្រទះឃើញបុរសម្នាក់ដេកស្លាប់កណ្ដាលវាលស្រែ ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព
ខណៈឃើញមានស្នាកស្នាមលើខ្លួនជនរងគ្រោះដែលសង្ស័យថាអាចបណ្តាលមកពីគោជល់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ ខែធ្នូឆ្នាំ២០២២ស្ថិតក្នុងភូមិស្វាយដូនអី ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ម៉ម ផល អាយុ៦៨ឆ្នាំ មុខរបរកសិករនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
តាមការសាកសួរពីប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា ប្ដីរបស់គាត់បានដឹកគោយកទៅចងនៅវាលស្រែឱ្យស៊ីស្មៅតាំងពីវេលាម៉ោង១០ព្រឹកថ្ងៃទី ៤ ខែធ្នូឆ្នាំ២០២២មកម្ល៉េះ ហើយមិនបានត្រលប់មកផ្ទះវិញទេ ដោយក្រុមគ្រួសារដើរកដែរប៉ុន្តែមិនឃើញសោះ ស្រាប់តែនៅថ្ងៃកើតហេតុអ្នកភូមិបានប្រទះឃើញប្ដីរបស់គាត់ដេកស្លាប់កណ្ដាលវាលស្រែទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
តាមការពិនិត្យនិងសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញស្រុកនិងគ្រូពេទ្យថាបុរសខាងលើបានស្លាប់ដោយសារគោជល់មែន ព្រោះមានស្នាកស្នាមលើខ្លួន។គ្រោយពីពិនិត្យសពរួចហើយ សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ សុថាន