ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបកស្រាយបំភ្លឺជូនសាធារណជន និងគេហទំព័រ សារព័ត៌មានឈ្មោះ GNTimes Hot News ដែលបានធ្វើការបង្ហោះវិឌីអូ ដែលមានខ្លឹមសារដេីមថា ៖ ក្រុមអ្នកលេងដាវសាំម៉ូរ៉ៃ និងដំបង ២ក្រុមបើកឆាកប្រយុទ្ធគ្នា ដោយមិនដឹងមូលហេតុ បង្កការរំខានដំណេក ដល់ប្រជាពលរដ្ឋនៅជិតខាងមិនបានសម្រាក នៅចំណុចផ្លូវកែងផ្សារតាខ្មៅចាស់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ លោកអធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវករណីខាងលើជាបន្ទាន់។
ជាលទ្ធផលនៃការស្រាវជ្រាវ៖
នៅថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះត្រួតពិនិត្យដល់ទីតាំងខាងលើ ស្ថិតនៅផ្លូវលេខ១០៧ កែង២០៦ ផ្សារតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលបានឱ្យដឹងថា៖
យោងតាមការបំភ្លឺរបស់ឈ្មោះ ប៉ិន ជីវ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកហាងស៊ុបខ្យង យីហោសុគន្ធារី មានអាសយដ្ឋាននៅ កោះពេជ្រ ដែលបានស្ថិតនៅក្នុងព្រឹត្តិការណ៍នោះ បានបំភ្លឺថា៖ ជម្លោះនោះគឺជនបង្កនៅម្តុំចាក់អង្រែ ហើយម្ខាងទៀត គឺជាកម្មករស្នាក់នៅលើផ្សារតាខ្មៅចាស់ ជាកម្មករលក់ស៊ុបខ្យងនៅកោះពេជ្រ។
ឈ្មោះ បុិន ជីវ៉ា បានបន្ថែមទៀតថា ៖ នៅថ្ងៃខែវេលាកើតហេតុខាងលើរូបខ្លួនបានបើក Passapp ដឹកថៅកែស្រី ចេញពីកន្លែងលក់ដូរត្រឡប់មកផ្ទះវិញពេលជិះតាមផ្លូវ ក៏មានបុគ្គលិកទូរស័ព្ទមកថា នៅម្តុំចាក់អង្រែមានមនុស្សដេញពួកគេទៀតហើយ ពេលនោះឈ្មោះ បុិន ជីវ៉ា បានដឹកថៅកែស្រី ទៅកន្លែងកើតហេតុប៉ុន្តែមិនឃើញមានរឿងអ្វីនោះទេ ឃើញតែកូនចៅថៅកែស្រី ពេលនោះថៅកែស្រី បានដេញពួកគាត់នាំគ្នារកកន្លែងដេកទៅ និងចាក់សោររបងឲ្យស្រួលបួល ហើយឈ្មោះ បុិន ជីវ៉ា បានដឹកថៅកែស្រី ទៅផ្ទះ ពេលជិះត្រឡប់មកវិញដល់រង្វង់មូលតាខ្មៅ ឈ្មោះ បុិន ជីវ៉ា បានទូរស័ព្ទទៅក្រុមការងារគាត់ដែលស្នាក់នៅលើផ្សារនោះឲ្យបើកទ្វារ ពេលមកដល់ឃើញមានម៉ូតូ ០២គ្រឿង ឈប់នៅជិតនោះមានគ្នា ០៤នាក់ ហើយឈ្មោះ បុិន ជីវ៉ា ក៏ជិះឡើងចូលផ្សារ ស្រាប់ពួកវាស្រែកថានឹងហើយពួកវា ក៏បានយកដុំថ្មគប់សំដៅមកឈ្មោះ បុិន ជីវ៉ា ចំនួន ០៤ទៅ ០៥ដុំ ឃើញដូចនោះអ្នកនៅលើផ្សារនោះក៏បាននាំគ្នាមកជួយដោយខ្លះកាន់ទុយោជ័រ នឹងខ្លះកាន់ដំបង ឃើញដូចនោះ បក្ខពួកជនបង្កបានបើកម៉ូតូរត់ចេញពីកន្លែងកើតហេតុ សំដៅមកភ្នំពេញវិញបាត់ទៅ ។
បច្ចុប្បន្ន កម្លាំងផ្នែកជំនាញពាក់ព័ន្ធកំពុងដុតដៃដុតជើងស្រាវជ្រាវ រកអត្តសញ្ញាណ បក្ខពួកជនបង្ក ដើម្បីយកមកសាកសួរ និងចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ៕
ដោយ : សហការី