ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធនិងកូនប្រសាប្រុសព្រួតគ្នាវាយប្តី-ឪពុកក្មេកបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ ក្រោយពីប្រពន្ធនិងកូនប្រសាប្រុសម្នាក់ទៀតនាំគ្នារត់គេចទៅលួចសម្ងំជួលបន្ទប់ស្នាក់នៅអស់រយៈពេល៣ខែមកហើយ ទើបតែថ្មីៗនេះគាត់បានតាមស្វែងរកឃើញជួបគ្នាបាន៣ថ្ងៃ ស្រាប់តែប្រពន្ធនិងកូនប្រសាប្រុសឈ្លោះរករឿង បង្កហិង្សាព្រួតគ្នាវាយបណ្តាលឱ្យរងរបួសធ្ងន់ បែកក្បាល បែកប្រអប់ដៃស្តាំ ហើយនាំគ្នាប្រមូលអីវ៉ាន់មួយចំនួនគេចខ្លួនបាត់អស់ ទោះបីជាជនរងគ្រោះព្យាយាមខំរត់ទៅប្តឹងសមត្ថកិច្ចដល់ប៉ុស្តិ៍ក៏ ដោយ ក៏មិនមានខាងណាចុះទៅជួយដែរ។ ហេតុការណ៍ហិង្សាដ៏ឃោរឃៅនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅបន្ទប់ជួលលេខ១ ផ្លូវលំ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយគេឃើញជនរងគ្រោះដេកដួលក្នុងថ្លុកឈាមម្នាក់ឯង រហូតដល់វេលាម៉ោង១១ព្រឹកបន្ទាប់ត្រូវបានបងប្អូនប្រជាពលឃើញសភាពរបួសហូរឈាមច្រើនពេក ក៏បានស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ឱ្យជួយធ្វើអន្តរាគមន៍ ។

   បុរសរងគ្រោះមាន ឈ្មោះ កែវ វាសនា អាយុ៤១ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន លីប្រា ប្រាយវេត ទើបទៅស្នាក់នៅកន្លែងកើតហេតុបាន៣ថ្ងៃទេ គាត់មានទីលំនៅក្នុងភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកស្ត្រីដៃដល់ត្រូវជាប្រពន្ធ មានឈ្មោះ ហ៊ុន ហេង អាយុ៤១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុបាន៣ខែហើយ ជាមួយកូនប្រសាប្រុសម្នាក់ទៀតមកពីខេត្តស្វាយរៀង ។

   តាមបុរសរងគ្រោះបានឱ្យដឹងថា គាត់មានកូនស្រី៣នាក់ តែមានប្តីទៅរស់នៅផ្សេងៗគ្នាអស់ហើយ ។ ជនរងគ្រោះបន្តទៀតថា ប្រពន្ធរបស់គាត់និងកូនប្រសាប្រុសម្នាក់មកពីខេត្តស្វាយរៀងនាំគ្នារត់គេចទៅលួចសម្ងំជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុអស់រយៈពេល៣ខែហើយ ទើបតែនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២កន្លងមកថ្មីៗនេះគាត់តាមរកឃើញ ហើយក៏ទៅស្នាក់នៅជាមួយ សរុបគ្នា៣នាក់ តែប្រពន្ធរបស់គាត់មិនពេញចិត្តចេះតែមួម៉ៅ ក្តៅក្រហាយ រករឿងគាត់ជាប្តីទៅវិញ មិនដឹងថាមកពីមូលហេតុអ្វីទេ ហើយគាត់ក៏មិនចោទប្រពន្ធថាម៉េចដែរ ព្រោះគ្មានភស្តុតាង ស្រាប់តែនៅវេលាព្រឹកមុនកើតហេតុនេះ គាត់គ្រាន់តែសួរទៅប្រពន្ធថា ហេតុអ្វីបាននាំកូនប្រសារត់គេចមកសម្ងំលួចជួលបន្ទប់ស្ងាត់ៗមិនឲ្យគាត់ដឹងបែបនេះ? ស្រាប់តែប្រពន្ធខឹងទាញដុំថ្មគប់ក្បាលគាត់ ហើយស្រវាបានកំណាត់ឈើយកមកវាយគាត់បន្ថែមបណ្តាលឱ្យរងរបួស រួចរញគាត់ផ្ទប់នឹងកញ្ចក់បណ្តាលឱ្យបែក ហើយកូនប្រសាបានយកអំបែងកញ្ចក់មកវាយដៃគាត់បណ្តាលឱ្យរងរបួសបែកប្រអប់ដៃស្តាំ ។

   ក្រោយពីប្រពន្ធនិងកូនប្រសាព្រួតដៃគ្នាវាយគាត់បណ្តាលឲ្យរងរបួស គាត់ក៏រត់ទៅប្តឹងសមត្ថកិច្ចដល់ប៉ុស្តិ៍ចោមចៅទី៣ដែរ ដើម្បីឱ្យជួយធ្វើអន្តរាគមន៍ តែសមត្ថកិច្ចប្រាប់ថាឱ្យទៅពេទ្យ លុះទៅដល់បន្ទប់វិញរកឯកសារ បណ្ណ ប.ស.ស.ដើម្បីទៅពេទ្យ ស្រាប់តែប្រពន្ធនិងកូនប្រសានាំគ្នារើអុីវ៉ាន់ ឯកសាររត់គេច ទើបគាត់រត់ដេញតាមបានចម្ងាយជាង១០០ម៉ែត្រ ឈាមហូរច្រើនពេក ដេកដួលលើគ្រែមុខផ្ទះប្រជាពលរដ្ឋ រីឯប្រពន្ធនិងកូនប្រសានាំគ្នារត់គេចទៅបាត់ដោយសុវត្តិភាពទាំងពុំមានសមត្ថកិច្ចចុះទៅធ្នវើអន្តរាគមន៍ឡើយ ដោយទុកឱ្យជនរងគ្រោះដេកដួលហូរឈាមខ្សោះខ្លួន រហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែល ពលរដ្ឋឃើញរបួសធ្ងន់ សភាពមិនស្រួល ក៏រាយការណ៍ទៅអាជ្ញាធរ និងស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖