ភ្នំពេញ ៖ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថ ជាច្រើនរូបទៀត។
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្ដាំផ្ញើ ដល់នាយទាហាន ដែលទទួលបាន មុខតំណែង និង ឋានន្តរសក្តិថ្មី នាពេលនេះ ក៏ដូចជា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញទាំងអស់ ត្រូវតែខិតខំបន្ត អនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងត្រូវមានឆន្ទៈលះបង់ស្មោះត្រង់ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ទុកខ្លួនជាអ្នកបម្រើរាស្ត្រ គ្រប់ពេលវេលា ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើ ឲ្យបានម៉ឹងម៉ាត់ ជាពិសេសត្រូវប្តូរផ្តាច់ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឲ្យនៅគង់វង្ស រីកចម្រើនតទៅមុខជានិរន្តរ៍ និង ត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គ្រប់កាលៈទេសៈទោះក្នុងតម្លៃណាក៏ដោយ៕
ដោយ : សហការី