ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ។

   គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវលេខ១៤៤០ស្ថិតក្នុងភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺនៅវេលាម៉ោង៧យប់ថ្ងៃទី៥ខែធ្នូឆ្នាំ២០២២។

   យោងតាមនគរបាលមូលដ្ឋានបានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែធ្នូឆ្នាំ២០២២នេះថា យុវជនរងគ្រោះមានឈ្មោះចាន់ សុភ័ណ្ឌ  អាយុ១៩ឆ្នាំ(ស្លាប់នៅនឹងកន្លែង)ស្នាក់នៅភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើឈ្មោះសុខ ស្រួច ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសធ្ងន់ ស្នាក់នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច អ្នកទាំងពីជិះមូតូមួយគ្រឿងម៉ាកYAMAHA EXCITER 150CC ពណ៌ខ្មៅ គ្មានស្លាកលេខ។

   សមត្ថកិច្ចបញ្ជាក់ថា ពួកគេជិះម៉ូតូពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងទិសដៅបញ្ច្រាសគ្នាមកបុកម៉តូពេញទំហឹងបណ្តាលឱ្យអ្នកទាំងពីរស្លាប់និងរបួសធ្ងន់តែម្តង។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលទៅ។

    ក្រោយកើតហេតុមន្ត្រីជំនាញបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកអ្នករងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។  ចំណែកម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រីឯរថយន្ដមិនស្គាល់ម៉ាក មន្ត្រីជំនាញកំពុងតែស្រាវជ្រាវបន្ដ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖