ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារគោរពថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមពិធីមង្គលអាពាហ៍ពិពាហ៍កូន សុទ្ធចិត្ត និងកូន ដឺណេ នៅថ្ងៃទី០៤ និងទី០៥ ខែធ្នូ ឆ្នាំ២០២២។ លោកបានមានប្រសាសន៍ថា:
– ខ្ញុំបាទ យើងខ្ញុំសូមលំឱនកាយគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
– សូមគោរពសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវរដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ាជាទីគោរពដ៏ខ្ពង់ខ្ពស់
– លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចូលរួមក្នុងពិធីមង្គលអាពាហ៍ពិពាហ៍នេះជាទីមេត្រី !
១. ថ្ងៃនេះ ក្នុងនាមមាតាបិតា និងតាងនាមឱ្យក្រុមគ្រួសារកូនប្រុស-កូនស្រី ខ្ញុំបាទ-យើងខ្ញុំទាំងអស់គ្នា ពិតជាមានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា ចំពោះការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរព ដែលបានផ្តល់នូវមហាកិត្តិយស និងបានសន្តោសប្រោសប្រណីប្រទានពរជ័យ បវរសួស្តី សិរីមង្គលមហាប្រសើរដល់គូស្វាមី-ភរិយាថ្មី រួមជាមួយនឹងអំណរសាទរ ព្រមទាំងពរជ័យពីសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា និងបងប្អូនញាតិមិត្តជិតឆ្ងាយ ដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីមង្គលអាពាហ៍ពិពាហ៍នេះផងដែរ ។ ខ្ញុំបាទ-យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះគុណូបការៈដ៏ធំធេងចំពោះគូស្វាមី-ភរិយា និងក្រុមគ្រួសារយើងខ្ញុំ និងសូមចារឹកទុកក្នុងដួងចិត្តខ្ញុំបាទ-យើងខ្ញុំទាំងអស់គ្នាដែលមិនអាចបំភ្លេចបានជារៀងរហូត។
២. ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សនេះ ខ្ញុំបាទនិងក្រុមគ្រួសារ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូន សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ វិបុលសុខ សិរីជ័យមង្គល និងមានតេជានុភាពកាន់តែខ្លាំងក្លាថែមទៀត ដើម្បីបន្តជាម្លប់នៃសេចក្តីសុខ សន្តិភាព និងសុភមង្គលដល់គូស្វាមី-ភរិយាថ្មីផង និងប្រជាជនកម្ពុជាគ្រប់រូបផងដែរ ។
៣. ខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានផ្តល់កិត្តិយអញ្ជើញចូលរួមក្នុងពិធីមង្គលអាពាហ៍ពិពាហ៍នេះសូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
៤. ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះក្រុមការងារគ្រប់ផ្នែក ដែលបានយកចិត្តទុកដាក់បំពេញការងារប្រកប ដោយការទទួលខុសត្រូវខ្ពស់បំផុត ដែលញ៉ាំងឱ្យពិធីអាពាហ៍ពិពាហ៍នេះ បានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក ដោយផ្សារភ្ជាប់ផងដែរ ទៅនឹងគោលបំណងនៃការលើកកម្ពស់គុណតម្លៃប្រពៃណីជាតិយើង ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់នូវផលិតផល និងសេវាកម្មក្នុងស្រុក ។ ទន្ទឹមនេះ យើងខ្ញុំជាមាតាបិតា កូនប្រុស កូនស្រី និងក្រុមការងារគ្រប់ផ្នែក គោរពសុំការអនុគ្រោះដ៏ខ្ពង់ខ្ពស់ពីសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា នូវរាល់កង្វះខាតនានា ដែលអាចកើតមានឡើងជាយថាហេតុ នៅក្នុងពិធីនេះ។
៥. ជាថ្មីម្តងទៀត ខ្ញុំសូមគោរពជូនពរ សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោកស្រី អ្នកនាងកញ្ញា ជាភ្ញៀវកិត្តិយសទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ប្រការ ជានិច្ចនិរន្តរតទៅ ៕
ដោយ : សិលា