ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Al-Nassr របស់អារ៉ាប៊ីសាអ៊ូឌីតដាក់សំណើយកខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo

ចែករំលែក៖

ក្លិបនៅលីកកំពូលប្រទេសអារ៉ាប៊ីសាអ៊ូឌីត Al-Nassr បានដាក់សំណើដ៏ធំមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកចប់។ ក្លិបមួយចំនួនបានសម្តែងការចាប់អារម្មណ៍លើគាត់ ដោយ Al-Nassr ផ្តល់ជូនដ៏ធំបំផុតប្រហែល២០០លានអឺរ៉ូក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍។

Ronaldo វ័យ៣៧ឆ្នាំក្លាយជាកីឡាករមិនទាន់មានតម្លៃខ្លួនបន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ Manchester United ត្រូវបានបញ្ចប់កាលពីខែមុនក្រោយពីការសម្ភាសន៍ដ៏ចម្រូងចម្រាសមួយ។ ការអត្ថាធិប្បាយនោះ គាត់បានរិះគន់ក្លិប ហើយនិយាយថា គាត់គ្មានការគោរពចំពោះអ្នកចាត់ការលោក Erik ten Hag ។

នៅក្នុងបទសម្ភាសន៍ជាមួយ TalkTV គាត់ក៏បាននិយាយថា គាត់បានបដិសេធកិច្ចព្រមព្រៀង៣០៥ លានផោនដើម្បីចូលរួមជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីតនៅរដូវក្តៅ ដែលជាការផ្លាស់ប្តូរដែលនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក។ ព័ត៌មាននេះត្រូវបានគេយល់ថា Ronaldo បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ World Cup របស់ប្រទេសព័រទុយហ្គាល់ ហើយមិនមានបំណងធ្វើការសម្រេចចិត្តអំពីផែនការអនាគតរបស់គាត់រហូតដល់ចប់នោះទេ។

ប្រភពស្និទ្ធនឹងក្លិប Al-Nassr បានប្រាប់ BBC Sport ថា គ្មានកិច្ចសន្យាណាមួយត្រូវបានចុះហត្ថលេខាជាមួយ Ronaldo ទេ។ ពួកគេបាននិយាយថា “យើងជាអ្នកកោតសរសើរយ៉ាងខ្លាំង ហើយយើងក៏ដូចជាក្លិបណាមួយក៏ចង់ចុះហត្ថលេខាលើគាត់ ប៉ុន្តែយល់ថា ការផ្តោតអារម្មណ៍របស់គាត់ឥឡូវនេះគឺសម្រាប់តែការប្រកួតបាល់ទាត់ពិភពលោកប៉ុណ្ណោះ”។

ព័រទុយហ្គាល់ត្រូវប៉ះជាមួយស្វីសក្នុងវគ្គ១៦ក្រុមចុងក្រោយនៅកាតានៅថ្ងៃអង្គារនេះ។ មុនការប្រកួត Ronaldo បានក្លាយជាបុរសដំបូងគេដែលស៊ុតបញ្ចូលទីនៅ World Cup ៥ដង ខណៈដែលគាត់បានស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតជម្រុះតាមពូលរបស់ពួកគេ ៣-២ ទល់នឹងហ្គាណា។

ទោះបីជាគាត់ជាកីឡាករមិនទាន់មានតម្លៃខ្លួនក៏ដោយ Ronaldo មិនត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខាសម្រាប់ក្លិបថ្មីរហូតដល់ថ្ងៃទី១ ខែមករា ខណៈដែលគាត់ត្រូវបានចុះកិច្ចសន្យាជាមួយ Man United នៅពេលដែលទីផ្សារដោះដូរកីឡាករចុងក្រោយបានបិទ។ គាត់ក៏ត្រូវដាក់បម្រាមពីរប្រកួតក្នុងកម្រិតក្នុងស្រុកជាមួយក្លិបថ្មីណាមួយផងដែរ នៅក្នុងប្រទេសអង់គ្លេស ឬនៅបរទេស សម្រាប់ការគោះទូរស័ព្ទចេញពីដៃអ្នកគាំទ្រ Everton កាលពីរដូវកាលមុន។

Ronaldo ស៊ុតបញ្ចូលទីបាន១៤៥គ្រាប់ក្នុងការបង្ហាញខ្លួន៣៤៦ប្រកួតឱ្យ Man Utd ក្នុងរយៈពេល២ដងដោយចាកចេញទៅ Real Madrid ក្នុងឆ្នាំ២០០៩ មុនពេលត្រឡប់ទៅ Old Trafford ពីក្លិប Juventus ក្នុងឆ្នាំ២០២១។ គាត់នៅសល់តែជាង៧ខែប៉ុណ្ណោះលើកិច្ចសន្យា៥០០,០០០ផោនក្នុងមួយសប្តាហ៍របស់គាត់ជាមួយ ManchesterUnited ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖