ភ្នំពេញ ៖ ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos gaurus) ។
សត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ពាក់កណ្តាលខ្នង ហើយជើងក្រោមទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ប្រផេះ។ នេះជាការបញ្ជាក់ដោយលោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។
លោកបន្តថា, វាអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកំពស់២០០០ម (តំបន់ខ្ពង់រាប និងជួរភ្នំក្រវាញ) នៅតំបន់ព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកំពស់ខ្ពស់ជាងសត្វទន្សោង។ អាហាររបស់វា គឺល្បះខ្ចីៗ ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ ខ្ទីងមានវត្តមាននៅតំបន់មួយចំនួននៃប្រទេសកម្ពុជាដូចជា ភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងខេត្តកំពង់ស្ពឺ។ ខ្ទីងស្ថិតក្នុងប្រភេទមានដោយកម្រនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់ (VU) ៕
ដោយ ៖ សហការី