ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបានបញ្ជូនកងយោធាមួកខៀវកម្ពុជា២កងអនុសេនាធំចំនួនសរុប១៤៤នាក់(នារី១៨នាក់) ទៅសាធារណរដ្ឋម៉ាលី

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជាបានបញ្ជូនកងយោធាមួកខៀវកម្ពុជាចំនួនពីរកងរួមមានកងអនុសេនាធំវិស្វកម្មថែទាំព្រលានយន្តហោះដែលមានកម្លាំងចំនួន១២៩នាក់ (នារី១៦នាក់) និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះEOD មានចំនួនសរុប១៤៤នាក់(នារី១៨នាក់) សម្រាប់ប្តូរវេនកងកម្លាំងដែលសម្រេចបានជោគជ័យរយៈកាលមួយឆ្នាំកន្លងទៅនៅតំបន់ប្រតិបត្តិការក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី នារាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា កងកម្លាំងEODដែលចេញដំណើរទៅ កាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលីនាពេលនេះបានជាកម្លាំងនាំមុខចំនួន៤៤នាក់និងនៅចុងខែធ្នូ ឆ្នាំ នេះដែរ នឹងបញ្ជូនបន្ថែមចំនួន១០០នាក់ទៀត ដើម្បីទៅចូលបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី  ដើម្បីប្តូរវេនកម្លាំងចាស់ ដែលបានបញ្ចប់រយៈ១ឆ្នាំ។ 

ក្នុងឱកាសសំណេះសំណាលមុនពេលយុទ្ធដំណើរកងប្តូរវេនទាំងពីរខាងលើនេះទៅកាន់តំបន់បេសកកម្មនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិ ការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិ ភាពមានប្រសាសន៍លើកឡើងថា កម្ពុជាបានរួមចំណែក បញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួនក្នុងក្របខណ្ឌអង្គ ការ សហប្រជាជាតិ ដើម្បីជួយដល់បណ្តាប្រទេសដែល កំពុងប្រឈម និងរងគ្រោះដោយសារមីននិងកាក សំណល់ជាតិផ្ទុះពីសង្គ្រាម និងចូលរួមធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការថែទាំព្រលានយន្តហោះ។ 

ប្រមុខកងយោធាមួកខៀវកម្ពុជាបានថ្លែងថាប្រតិបត្តិការសន្តិភាពគឺជាគោលការណ៍សកលបាននិងកំពុងដើរតួ នាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិប្រតិបត្តិការរួមគ្នាក្នុងការជួយដល់បណ្តាប្រទេសដែលរងការហែកហួរដោយសារជម្លោះប្រដាប់អាវុធភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនីតិសម្បទារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជា ជាតិ សំដៅកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។ 

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយក្នុងការបញ្ជូនអ្នកដោះមីនរបស់ខ្លួនទៅសម្រាលទុក្ខលំបាករបស់ប្រជាជនលើសកលលោក។

សូមបញ្ជាក់បន្ថែមផងដែរថា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២ កម្ពុជាបានសម្រេចបញ្ជូនកងកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពសរុបចំនួន ៨.៤៧៥នាក់នៅក្នុងប្រទេសចំនួន៩ រួមមានៈ ប្រទេសស៊ូដង់,ស៊ូដង់ខាងត្បូង,ឆាដ,អាហ្វ្រិកកណ្តាល, លីបង់,ស៊ីប,ស៊ីរី,ម៉ាលី និងយេម៉ែន។  

បច្ចុប្បន្នកងកម្លាំងយោធាមួកខៀវកម្ពុជាចំនួន៨០១ នាក់បាននិងកំពុងបំពេញ កាតព្វកិច្ចរក្សាសន្តិភាព នៅ ប្រទេសស៊ូដង់ខាងត្បូង,លីបង់,ម៉ាលី និងសាធារណរដ្ឋ អាហ្វ្រិកកណ្តាល។ នេះបើតាមប្រសាសន៍លើកឡើងក្នុងបទសម្ភាសន៍របស់ប្រមុខកងយោធាមួកខៀវកម្ពុជាជា មួយបណ្តាញព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងឱកាសជូនដំណើរកងយោធាមួកខៀវកម្ពុជាទៅកាន់តំបន់បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី៕

ដោយ៖ សូរិយា


ចែករំលែក៖