ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការ គោរពវិញ្ញាណក្ខន្ធ លោក ជាំង ហ្សេមីន (Jiang Zemin) អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
ពិធីគោរពវិញ្ញាណក្ខន្ធបានប្រព្រឹត្តទៅនៅស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រគល់ប្រគល់លិខិតរំលែកទុក្ខតាមរយៈ វរសេនីយ៍ឯកពិសេស ថាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា ដោយបានបញ្ជាក់ថា «មរណភាពរបស់ឯកឧត្តមជាំង ហ្សេមីន គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យរបស់មហាមិត្តចិន ដែលបានលះបង់ពេលវេលាមួយជីវិត លើកកម្ពស់ជីវភាពរស់នៅប្រកបដោយវិបុលភាពនៃប្រជាជនចិន»។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ត លោក ជាំង ហ្សេមីន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សិលា