ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីចុះ MOU បន្តសុពលភាពនៃការយោគយល់គ្នារវាង អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រុមហ៊ុន ESS

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាបន្តសុពលភាពលើឧបសម្ព័ន្ធអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាង អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រុមហ៊ុន E SECURITY SERVICE Co,Ltd (ESS) ។

ពិធីចុះ MOU នាពេលនេះភាគីកម្ពុជា មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។ សម្រាប់ ភាគីជប៉ុន មានដូចជា អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា, លេខាធិការ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឧបសម្ព័ន្ធអនុស្សរណៈ នៃការយោគយល់គ្នា រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រុមហ៊ុន ESS នាពេលនេះ គឺបញ្ជាក់អំពីការបន្តសុពលភាពរយៈពេល ១០ឆ្នាំ បន្ថែមលើអនុស្សារណៈ នៃការយោគយល់គ្នាច្បាប់ដើម ស្ដីពីការសហការផ្តល់សេវាកម្មព័ត៌មាន សន្តិសុខ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃកម្ពុជា និងក្រុមហ៊ុន ESS ដែលផុតសុពលភាព កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយគ្មានការផ្លាស់ប្ដូរខ្លឹមសារដូចមានចែង ក្នុងមាត្រានៃអនុស្សារណៈ នៃការយោគយល់គ្នាច្បាប់ដើមនោះទេ។

នាឱកាសនោះដែរ លោក TAKEHARU MIZUKOSHI នាយកប្រតិបត្តិក្រុមហ៊ុន ESS បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្ដីពីលទ្ធផលប្រតិបត្តិការរបស់ក្រុម ESS គោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីជ្រាបថា ក្នុងឆ្នាំ២០១២ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា ក្នុងការបង្កើតអនុស្សារណៈ នៃការយោគយល់គ្នារវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនESS  រួចមក ទាំងភាគីក្រុមហ៊ុន និងកងកម្លាំងនគរបាលជាតិកម្ពុជា បានសហការគ្នាចាត់តាំងអនុវត្តស្របតាមស្មារតី និងខ្លឹមសារដូចមានចែងក្នុង MOU ដោយផ្តោតសំខាន់ទៅលើការចូលរួមការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងធុរៈជនដែលជាអតិថិជនរបស់ក្រុមហ៊ុនផ្ទាល់។

លោក នាយកប្រតិបត្តិ បានលើកឡើងបន្តថា ដោយឡែកតាមរយៈឧបករណ៍ សម្ភារបច្ចេកទេស និងប្រព័ន្ធផ្តល់សញ្ញាសន្តិសុខរបស់ក្រុមហ៊ុន និងដោយមានការគាំទ្រសម្របសម្រួលពីមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត កិច្ចសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ការទប់ស្កាត់ បទល្មើសទទួលបានលទ្ធផលជាច្រើនផងដែរ។

គួររំលឹកផងដែរថា ពិធីចុះ MOU បន្តសុពលភាពនៃការយោគយល់គ្នា រវាង អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រុមហ៊ុន ESS នាពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានការស្នើសុំពី លោក OKUBO Hideo ជាស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់CIESF នាឱកាសសុំការអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីទី២១ ខែកញ្ញា ឆ្នាំ២០២២ ដែលអនុស្សារណៈនេះត្រូវបានផុតកំណត់នៅអំឡុងខែតុលា ឆ្នាំ២០២២កន្លងមក។ ជាមួយគ្នានោះដែរ លោក ក៏បានបញ្ជាក់ជម្រាបជូនសម្តេចក្រឡាហោម ថា ក្រុមហ៊ុន ESS ដែលកំពុងមានវត្តមាននៅកម្ពុជា និងបានអនុវត្តនីតិវិធីសុពលភាព MOU កន្លងមកបានសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរកម្ពុជា និងបានផ្តល់សេវាកម្មជូនដល់អតិថិជនកម្ពុជាបានជាច្រើន ដែលក្នុងនោះរួមមានដូចជា៖ ករណីចោរកម្ម អគ្គីភ័យ គ្រោះទឹកជំនន់ សង្គ្រោះបន្ទាន់ ជាដើម៕

ដោយ៖ សហការី


ចែករំលែក៖