ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងនៅព្រឹកថ្ងៃអង្គារទី០៦ ខែធ្នូ ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ៤៤នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែធ្នូម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៤៤នាក់នោះ មាន ០៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ០៦ករណី និងជនសង្ស័យ ៣៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន ១២ករណី។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋផងដែរ៕
ដោយ៖សហការី