ភ្នំពេញ ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី បើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ក្រោមមូលបទ “ការផ្លាស់ប្ដូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០” ដើម្បីចូលរួមស្ដារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីលោកអគ្គលេខាធិការអង្គការសហព័ន្ធវិស្វកម្មអាស៊ាន និងលោក លោកស្រី ជាប្រធានស្ថាប័នវិស្វកម្មបណ្តាប្រទេសអាស៊ាន។
ថ្លែងបើកសន្និសិទនាឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុច្ឆន្ទៈ និងការយល់ដឹងពីគ្នាទៅវិញទៅមក ដែលជាតម្រូវការចាំបាច់សម្រាប់ការបង្កើត និងការអភិវឌ្ឍស្តង់ដារមូលដ្ឋានវិជ្ជាជីវៈវិស្វកម្មអាស៊ាន ជាជំហានឆ្ពោះទៅកាន់ការធ្វើចល័តភាពវិស្វករក្នុងតំបន់អាស៊ាន ស្របតាមផែនការមេអាស៊ានឆ្នាំ២០២៥ និងស្មារតីស្នូលរបស់អាស៊ានគឺ “ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ”។
លោកប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងាររបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដែលបានរួមចំណែកក្នុងការពង្រឹងគុណភាព សមត្ថភាពវិជ្ជាជីវៈវិស្វកម្មគ្រប់ជំនាញ និងពង្រីកធនធានមនុស្សឱ្យស្របតាមតម្រូវការក្នុងតំបន់អាស៊ាននាពេលបច្ចុប្បន្ន និងអនាគត ធានាឱ្យការប្រតិបត្តិវិជ្ជាជីវៈវិស្វកម្មក្នុងតំបន់អាស៊ាន ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ ដោយពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងលើវិស័យវិស្វកម្មថ្នាក់ជាតិនិងអន្តរជាតិ និងការទទួលស្គាល់គុណភាពអប់រំវិស្វកម្ម ដើម្បីទទួលបានគោរម្យងារជាវិស្វករអាជីពជាតិ និងអន្តរជាតិ។
វិស្វករជាស្ពានតភ្ជាប់រវាងបច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ជាមួយការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌។ ធនធានបញ្ញវន្តក្នុងវិស័យវិស្វកម្មពិតជាមានសារៈសំខាន់មិនអាចខ្វះបាន នៅពេលដែលសន្ទុះនៃការអភិវឌ្ឍកាន់តែខ្លាំង ធ្វើឱ្យសេវាវិស្វកម្មគ្រប់មុខជំនាញ ក៏កាន់តែមានតម្រូវការខ្ពស់ផងដែរ។ ក្នុងន័យនេះ លោកបណ្ឌិត អ៉ិត សំហេង បានសំណូមពរឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ជួយជំរុញលើការរៀបចំកម្មវិធីសិក្សាវិស្វកម្ម និងការទទួលស្គាល់គុណភាពអប់រំវិស្វកម្ម ឱ្យមានស្តង់ដារប្រហាក់ប្រហែលគ្នាមួយ ដើម្បីឱ្យវិស្វករដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ នៃប្រទេសក្នុងតំបន់ មានការទទួលស្គាល់គ្នាទៅវិញទៅមក ស្របទៅនឹងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាកម្មវិស្វកម្មអាស៊ាន ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
លើសពីនេះទៅទៀត ដើម្បីពន្លឿនការផ្លាស់ប្តូរអាស៊ានទៅកាន់ឧស្សាហកម្ម ៤.០ ដោយផ្តោតពិសេសលើការចាប់ផ្តើមអាជីវកម្មសហគ្រាសធុនតូច និងមធ្យម ទីក្រុងឆ្លាតវៃ និងការអប់រំវិជ្ជាជីវៈ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានទាំងអស់ ផ្តោតការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖
ទី១-សិក្សាពីលទ្ធភាពនៃការបង្កើតយន្តការថ្មីៗ និងបង្កើតជាវេទិកាបើកចំហដើម្បីគាំទ្រដល់រដ្ឋាភិបាលលើវិស័យអប់រំ និងឧស្សាហកម្ម រួមទាំងការលើកកម្ពស់ការតភ្ជាប់ខ្សែសង្វាក់ឌីជីថល។
ទី២-ចែករំលែកព័ត៌មាន បទពិសោធន៍ និងការអនុវត្តល្អបំផុតលើការបង្កើត និងអនុវត្តគោលនយោបាយលើកកម្ពស់ឧស្សាហកម្ម ៤.០។
ទី៣-រៀបចំជាយុទ្ធសាស្ត្របង្រួបបង្រួមអាស៊ាន ស្តីពីការវិវឌ្ឍឧស្សាហកម្ម ៤.០ ដោយសង្កត់ធ្ងន់លើការលើកកម្ពស់នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យា។
ទី៤-ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្តក្នុងការគាំទ្រការផ្លាស់ប្តូរឧស្សហកម្មអាស៊ាន ទៅឧស្សហកម្ម ៤.០ តាមរយៈកិច្ចសន្ទនាសាធារណ: និងឯកជន ជាមួយនិងការសហការជាមួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅសម្របសម្រួលការអនុលោម និងការបញ្ជាក់ស្តង់ដារឌីជីថល សម្របសម្រួលលំហូរទិន្នន័យឆ្លងដែន និងអភិវឌ្ឍវេទិការួមមួយលើតំណភ្ជាប់ស្ថិតិឧស្សាហកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ទី៥-ចូលរួមដោះស្រាយបញ្ហាប្រឈម ដែលនឹងកើតមានឡើងពីការរីកចម្រើននូវឧស្សាហកម្ម ៤.០ ក្នុងអាស៊ាន និងស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបនូវបញ្ហាប្រឈមទាំងនោះ៕
ដោយ : សហការី