ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ៍ ទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកស្រី អាន មៀល-គ្រីហ្វីត (Ann Mills-Griffiths) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម។
ជាកិច្ចចាប់ផ្តើមលោកស្រី ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែងដែលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ឱ្យចូលជួបសម្តែងការគួរសមសាជាថ្មីម្តងទៀត។ លោកស្រី ក៏បានគោរពជម្រាបជូនសម្តេចក្រឡាហោម ថា មកដល់ពេលនេះលោកស្រីបានមកបំពេញទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា បានជាច្រើនដងកន្លងមកហើយ ហើយលើកនេះអាចនិយាយថា ជាពេលចុងក្រោយសម្រាប់លោកស្រី ដែលមកទស្សនៈកិច្ចនៅប្រទេសកម្ពុជា ហេតុដូច្នេះលោកស្រី មានបំណងចូលជួបសម្តែងការគួរសមលើកនេះ ដើម្បីថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការដ៏ល្អក្នុងការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា។
លោកស្រី បានលើកឡើងថា លោកស្រីមក បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ជាលើកដំបូងគឺនៅឆ្នាំ១៩៩២ ហើយចាប់តាំងពីពេលនោះមក លោកស្រីបានធ្វើដំណើរទៅផ្នែកជាច្រើន នៃប្រទេសកម្ពុជា ជាមួយគ្នានេះ លោកស្រី ក៏បានលើកឡើងបន្ថែមថា លោកស្រី អាចនិយាយបានថា ប្រទេសកម្ពុជា កឺជាប្រទេសមួយដែលផ្តល់កិច្ចសហប្រតិបត្តិការល្អជាងគេក្នុងចំណោមប្រទេសដែលត្រូវរុករកអដិ្ឋធាតុទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ នេះ។ ជាឧទហរណ៍ លោកស្រី បានគោរពជម្រាបជូនសម្តេចក្រឡាហោម ថា ទោះក្នុងស្ថានភាពជម្ងឺកូវីឌ-១៩ក្តី ក៏ប្រទេសកម្ពុជា បានបង្ហាញថាមិនមានភាពថមថយក្នុងការសហការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួននោះទេ ថែមទាំងមាននូវវឌ្ឍនភាពទៅមុខជានិច្ច។ ជាងនេះទៅទៀត លោកស្រី ក៏បានបញ្ជាក់ថា ប្រទេសកម្ពុជា ក៏ធ្លាប់បានធ្វើការជាមួយអង្គភាពជាដៃគូរបស់សហរដ្ឋអាមេរិកបានជាច្រើន ទោះស្ថិតក្នុងស្ថានភាពគ្មានថវិកាក៏ដោយ។
ជាថ្មីម្តងទៀតផ្អែកតាមសមិទ្ធផលដែលទទួលបាននេះ លោកស្រី បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ ដែលបានចូលរួមផ្តល់កិច្ចសហការក្នុងនាមមនុស្សធម៌ជួយដល់កម្មវិធីរុករកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះ។
ជាការឆ្លើយតម សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់លោកស្រី លើប្រមុខរដ្ឋ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចក្រឡាហោម បានជម្រាបបញ្ជាក់ជូនលោកស្រី ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមានការប្រែងប្រួលទេ គឺនៅតែបន្តផ្តល់ការគាំទ្រដល់ការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួននេះជាបន្តទៀត ដែលសម្តេចបានលើកឡើងថា ចំពោះលទ្ធផលនៃការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួនមកដល់បច្ចប្បន្ននេះ គឺនៅសល់តែ០៨រូបទៀតតែប៉ុណ្ណោះ។ សម្តេចក្រឡាហោម ក៏បានបន្ថែមថា ចំពោះយន្តការទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា នឹងត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយគម្រោងរបស់លោកស្រី ដែលពាក់ព័ន្ធនឹងការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ទៅមុខទៀត។
នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជូនពរដល់លោកស្រី ក្នុងឱកាសបំពេញទស្សនៈកិច្ចនាពេលនេះឱ្យទទួលបានជោគជ័យ សម្តេចក្រឡាហោម បានសង្ឍឹមថា ដំណើរការនៃការស្វែងរកអដ្ឋិធាតុទាហាអាមេរិកនាពេលនេះនឹងប្រព្រឹត្តទៅដោយភាពរលូន និងត្រូវបានបិទបញ្ចប់ប្រកបដោយលទ្ធផលជាទីគាប់ចិត្តបំផុតនាពេលខាងមុខ៕
ដោយ ៖ សហការី