ព័ត៌មានទាន់ហេតុការណ៍៖

លោកមេធាវី​ គី​ តិច​ ចាត់តាំងមេធាវីសម្តេចតេជោ ហ៊ុន សែន ចំនួន៤រូប ចុះការពារក្តីស្ត្រីរងគ្រោះ និងទារក តាមផ្លូវច្បាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករបួសធ្ងន់ ៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​  លោកមេធាវី​ គី​ តិច​ បានបញ្ជាក់ប្រាប់សារព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះថា លោកបានចាត់តាំងមេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ ចំនួន៤រូប ដើម្បីការពារក្តីតាមផ្លូវច្បាប់ដល់ស្ត្រីរងគ្រោះ និងទារក ​ដែល​ត្រូវរថយន្តបុកបង្ករគ្រោះថ្នាក់​ធ្ងន់ធ្ងរ។

ករណីផ្អើលពេញ បណ្តាញទំនាក់ទំនងសង្គម facebook ប្រព័ន្ធផ្សព្វផ្សាយ ខណៈសង្ស័យថា, ជនសង្ស័យអាចត្រូវបានដោះលែងត្រឹមមន្ត្រីនគរបាលចរាចរណ៍ បន្ទាប់ពីឯកភាព យល់ព្រមយកសំណងរដ្ឋប្បវេណី ចំនួន ២៥០០ដុល្លារ ។ 

សូមបញ្ជាក់ថា, ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២ និង១០នាទី ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បានធ្វើ ដំណើរតាមបណ្តោយស្ពានជ្រោយចង្វារចាស់ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុក ពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 បន្ទាប់មករថយន្តបេីករត់គេចពីកន្លែងកេីតទៅដល់ផ្លូវកែវចិន្តា​ ក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ទេីបសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់បានទាំងរថយន្ត​ និងអ្នកបេីកបរ​យកមកការិយាល័យចរាចរណ៍ផ្លូវគោក ។ 

សមត្ថកិច្ចបញ្ជាក់ថា, ភាគីរថយន្តម៉ាក ជាជនបង្ក ៖ LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ឃាត់ខ្លួនកាលពីថ្ងៃ០៥​ ខែធ្នូ​ ឆ្នាំ២០២២​)។  ដោយឡែក ភាគីម៉ូតូម៉ាក ជាជនរងគ្រោះ ៖ HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978  បើកបរដោយឈ្មោះ ហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ (រងរបួស ធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) រួមដំណើរជាមួយ មានគ្នា០២នាក់ទី១-ឈ្មោះ មុច សុខឡេង ភេទប្រុស អាយុ៦០ថ្ងៃ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី២-ឈ្មោះ  មុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ រើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ) អ្នកទាំងបីស្នាក់នៅផ្ទះជួលលេខ២២៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា,  ក្នុងករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន​ ២,៥០០ដុល្លា ដោយមិនមានការបង្ខិតបង្ខំ​ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ​ (សូមជូនភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង​ និងលិខិតដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ) ។

ម្យ៉ាងវិញទៀត ដោយផ្នែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុ និងស្លាកស្នាមយាន មន្ត្រីជំនាញសន្និដ្ឋានបានថាមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់គឺ៖ អ្នកបើកបររថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល០.៥៣Mg/L និងត្រូវបានធ្វេីការផាកពិន័យ​ចំនួន​ ២លានរៀល​ តាមមាត្រា១០ថ្មី​ នៃអនុក្រឹត្យលេខ៣៩អនក្រ.បក​ ចុះថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២០​ ។ 

ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា​ ហេីយ​កម្លាំងជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់ ។ 

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានបន្តថា, រាល់ការអនុវត្តរបស់មន្ត្រីជំនាញ គឺអនុវត្តទៅតាមច្បាប់ស្តីពីចរាចរផ្លូវគោក ដោយមានការពិនិត្យវាស់វែង ឃាត់ខ្លួនជនបង្ក និងរថយន្តមករក្សាទុក វាស់សារជាតិស្រវឹង ដេីម្បីពិន័យតាមច្បាប់ និងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការ ។ល។ ចំណែកឯភាគីទាំង២ យល់ព្រមឯកភាពទទួលសំណង ជារឿងរបស់ភាគីបង្ក និងជនរងគ្រោះ 

ទោះមានការលើកឡើងបែបនេះក៏ដោយ ចំងល់របស់មជ្ឈដ្ឋាន របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ ចង់ដឹងថា, តើការកសាងសំណុំរឿងនេះ បញ្ជូនខ្លួនជនសង្ស័យទៅតុលាការដែរ ឬមួយបញ្ជូន តែសំណុំរឿង ហើយជនសង្ស័យដោះលែងទៅហើយ ? ពីព្រោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បកស្រាយមិនលម្អិតក្នុងករណីនេះ ហើយមានការ Comments ចូលផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យ៉ាងច្រើន នូវចំងល់នេះ និងអាណិតអាសូរដល់ ជនរងគ្រោះ ។ ករណីបាន លោកមេធាវី​ គី​ តិច​ ចាត់តាំងមេធាវីសម្តេចតេជោ ហ៊ុន សែន ចំនួន៤រូប ចុះការពារក្តីស្ត្រីរងគ្រោះ និងទារក តាមផ្លូវច្បាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករបួសធ្ងន់ ៣នាក់ គឺទទួលបានការគាំទ្រ យ៉ាងខ្លាំង ចំពោះ លោក គី តិច ប្រធានក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ យកចិត្តជួយប្រជាពលរដ្ឋ ក្រីក្រ ទាន់ពេលវេលា ៕

ដោយ : សហការី


ចែករំលែក៖