ព័ត៌មានទាន់ហេតុការណ៍៖

កុមារដ៏ពូកែ គីម ហុង អាយុ១៣ឆ្នាំហើយ! ទើបប្រឡងបាក់ឌុបរួចនៅថ្ងៃទី ៦ ធ្នូ ២០២២ ម្សិលមិញ !

ចែករំលែក៖

ភ្នំពេញ ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហោះផេកផ្លូវការថា, គីម ហុង អាយុ១៣ឆ្នាំហើយ!  ទើបប្រឡងបាក់ឌុបរួចនៅថ្ងៃទី ៦ ធ្នូ ២០២២ ។ 

លោក ដួង តារា បានលើកឡើងថា, ពូពិតជាសប្បាយរីករាយនិងសូមអបអរសាទរក្មួយ ហ៊ឺ ទៀង គីមហុង ដែលបានខិតខំរៀនសូត្ររហូតឈានដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី០៥ ធ្នូ ២០២២ ដែលទើបបានបញ្ចប់នៅថ្ងៃទី ០៦ ធ្នូ នេះ។ ផ្អែកលើសមត្ថភាពដ៏ពិសេសនេះ ពូសង្ឃឹមថាក្មួយនឹងប្រឡងជាប់ជាក់ជាមិខាន ។

លោកបន្តថា, ខ្ញុំសូមអរគុណ លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប (Beltei) និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ដែលបានផ្តល់អាហារូបករណ៍ដល់ក្មួយអោយទទួលបានការសិក្សានៅសាលាប៊ែលធីអន្តរជាតិរហូតមកទល់ពេលនេះ និងសូមអរគុណលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់អប់រំបង្ហាត់បង្រៀនក្មួយហុងអោយក្លាយជាកូនសិស្សល្អប្រកបដោយសមត្ថភាពខ្ពស់។

លោក ដួង តារា ថ្លែងថា, ខ្ញុំបាទសូមគោរពអរគុណ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានទំនុកបម្រុងឧបត្ថម្ភជម្រកស្នាក់នៅព្រមទាំងថវិកាឧបត្ថម្ភដល់ការសិក្សារបស់ក្មួយ គីមហុង និងក្រុមគ្រួសារនៅក្នុងរាជធានីភ្នំពេញ។ 

លោកបន្តថា, ពូមានជំនឿនិងសង្ឃឹមយ៉ាងមុតមាំលើសមត្ថភាពក្មួយ គីមហុង និងសូមជូនពរក្មួយឲ្យប្រឡងបានជាប់បាក់ឌុបជាស្ថាពរ។ យើងចូលរួមកសាងអំពើល្អដោយចិត្តជ្រះថ្លា! ៕

ដោយ : សិលា


ចែករំលែក៖