ភ្នំពេញ ៖ ខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ខ្លារខិនត្រូវបានគេដឹងថាជាសត្វជើង ៤ រត់លើដីលឿនជាងគេក្នុងលោក។ វាពិតជាមោទកភាពបំផុតសម្រាប់កម្ពុជាដែលក្រោយពីការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត កាលពីខែមេសា ឆ្នាំ២០២២ ក្រុមការងារអភិរក្សក្រសួងបរិស្ថាននិងអង្គការ WWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទនេះស្ទើរតែផុតពូជទៅហើយនៅលើពិភពលោក។ នេះជាការបញ្ជាក់ពី លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅថ្ងៃទី ៧ ខែធ្នូ២០២២ ។
លោកបន្តថា, សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។ ក្រសួងបរិស្ថានបានដឹកនាំយុទ្ធនាការអន្ទាក់សូន្យក្នុងគោកបំណងកាត់បន្ថយនុងលុបបំបាត់កត្តាគំរាម កំហែងនានាចំពោះសត្វព្រៃ ដើម្បីផ្តល់ទីជម្រកសុវត្ថិភាពដល់ជីវៈចម្រុះទាំងអស់កុំឱ្យមានការគំរាមកំហែងពីអន្ទាក់ និងការបរបាញ់។
យោងតាមសិក្សាមួយចុះផ្សាយដោយទស្សនាវដ្តីវិទ្យាសាស្រ្តអាមេរិកាំងឈ្មោះ Proceeding of the National Academy of Sciences បានឲ្យដឹងថា នៅទូទាំងពិភពលោក នៅមានវត្តមានសត្វខ្លារខិនស្ថិតក្នុងសេរីភាពពេញលេញមិនដល់ ៧ ១០០ក្បាលផង និងដែលមាន ៩៩% កំពុងរស់នៅលើទឹកដីអាហ្រ្វិក។ ទន្ទឹមគ្នានេះ ទីធ្លាដែលសត្វជើង ៤មួយនេះកំពុងរស់នៅក៏មានទំហំកាន់តែតូចទៅៗដែរ ពោលនៅសល់តែជាង ៩% ប៉ុណ្ណោះ។
តួលេខនៃវត្តមានសត្វខ្លារខិន ត្រូវបានគេដឹងថា បានធ្លាក់ចុះច្រើន បើធៀបនឹងតួលេខចុះផ្សាយដោយក្រុមហ៊ុនសត្តវិទ្យាក្នុងប្រទេសអង់គ្លេសកាលពីពេលថ្មីៗកន្លងទៅដែលថា ចំនួនខ្លារខិនមានប្រមាណជា ១០០ ០០០ក្បាលនៅទូទាំងពិភពលោកនាដើមសតវត្សរ៍ទី២០។ ទាក់ទងនឹងពូជខ្លារខិនអាស៊ី គេឃើញមាននៅសល់ចំនួន ៤៣ក្បាលនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងប្រទេសអាហ្រ្វិកស៊ីមបាវ៉េ ចំនួនខ្លារខិនបានធ្លាក់ចុះពី ១ ២០០ក្បាលមកនៅត្រឹម ១៧០ក្បាលប៉ុណ្ណោះក្នុងរយៈពេល ១៦ឆ្នាំ ពោលធ្លាក់ចុះ ៨៥%។
អំពីសត្វខ្លារខិន
ភិនភាគ៖ ខ្លារខិនជាអំបូរឆ្មាដែលមានមាឌធំលំដាប់ទី២បន្ទាប់ពីខ្លាធំ។ សត្វឈ្មោលអាចមានទម្ងន់ ៥៥គ.ក និងញីទម្ងន់ ៣៥គ.ក។ ខ្លារខិនមានភិនភាគងាយចំណាំណាស់ គឺមានពណ៌លឿង ក្រហម ត្នោត និងមានអុចៗ ពណ៌ខ្មៅជាកញ្ចុំនៅពាសពេញខ្លួន ពេលខ្លះហៅថា “Black Panther” ដែលមានរូបរាងពណ៌ខ្មៅ។
ជីវសាស្ត្រ៖ ខ្លារខិនរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ ចាប់ពីព្រៃស្រោងរហូតដល់ព្រៃគម្ពោតដែលមានផ្ទាំងថ្ម។ វាជាសត្វរហ័សរហួន និងចូលចិត្តឡើងដើមឈើដែលជាជំនាញពិសេសរបស់វា។ វាពុំសូវចាញ់កម្តៅថ្ងៃដូចខ្លាធំទេ ហើយអាចរស់នៅឆ្ងាយពីទឹកបានទៀតផង។ បើទោះជាវាអាចហែលទឹកបានក៏ដោយ ក៏វានៅតែព្យាយាមគេចចេញពីតំបន់ទឹកដែរ។ ចំណីរបស់វាមានពពួកប្រើស ឈ្លូស ជ្រូកព្រៃ ស្វា សត្វស្លាប សត្វស្លាប សត្វកកេរ និងសត្វល្អិត ហើយជារឿយៗវាចាបចំណី ដោយលោតកន្ត្របពីលើដើមឈើរួចទាញសត្វនោះឡើងដើម្បីស៊ី។ វាចូលចិត្តរកចំណីតែឯង និងជាសត្វរាត្រីចរ។ វាដើរជាគូតែក្នុងរដូវបន្តពូជ។ ខ្លារខិនអាចបង្កើតកូនបានពី ១-៤ក្បាល បន្ទាប់ពីពពោះអស់រយៈពេល ៩០-៩៥ថ្ងៃ កូនរស់នៅជាមួយមេរហូតដល់អាយុ ១-២ឆ្នាំ។
រប៉ាយរស់នៅ៖ វាមានតិច្ចតួចតាមតំបន់នានាដូចជា ភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ រប៉ាយមានច្រើននៅអាហ្វ្រិក អាស៊ីភាគខាងត្បូង រួមទាំងអាស៊ីអាគ្នេយ៍ និងកោះចាវា។
ស្ថានភាពអភិរក្ស៖ ខ្លារខិន ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ និងស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ ប្រភេទនេះកំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ ទាក់ចាប់ ដើម្បីយកស្បែក ឆ្អឹង សំណាករបស់វាធ្វើពាណិជ្ជកម្ម និងការបាត់បង់ទីជម្រកដែលវាធ្លាប់រកចំណី និងរស់នៅ។ ខ្លារខិនត្រូវបានអង្គការ IUCN ចាត់ចូលក្នុងបញ្ជីក្រហម ថាជាក្រភេទរងគ្រោះថ្នាក់តិចតួច ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាគេកម្រជួបប្រភេទខ្លានេះណាស់ ៕
ដោយ : សហការី