ខេត្តកំពង់ធំ ៖ សមិទ្ធផលថ្មីបន្ថែមទៀតជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា តាមរយៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានកន្លែងលាងសម្អាតដៃចំនួន៦ និងបង្គន់អនាម័យចំនួន៣ខ្នង (មាន៩បន្ទប់) ត្រូវបានប្រគល់ជូនលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សប្រមាណជាង ៥ពាន់នាក់ ក្នុងវិទ្យាល័យចំនួន៤ និងសាលាបឋមសិក្សាចំនួន១ នៅក្នុងក្រុង/ស្រុកចំនួន ៥ នៃខេត្តកំពង់ធំ។
ពិធីប្រគល់ និងទទួលព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ ប្រារព្ធធ្វើនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងបរិវេណវិទ្យាល័យទួលក្បិល ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ដោយបានការអញ្ជើញជាអធិបតីពីសំណាក់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា, គណៈកិត្តិយស គណៈកម្មាធិការ មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងមានវត្តមានរបស់មន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកនាយក នាយករង នៃសាលាទាំង៥ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធិជាតិកម្ពុជា ជាច្រើននាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកគ្រូអ្នកគ្រូ ក្មួយៗចៅៗយុវជនទាំងអស់ ដែលសម្ដេចតែងតែមានក្ដីនឹករលឹក និងការគិតគូរពីសុខទុក្ខជាប់ជានិច្ចចំពោះបងប្អូនគ្រប់ទិសទី ពិសេសប្រជាពលរដ្ឋដែលជួបការលំបាក។
ជាមួយគ្នានេះ លោកស្រី បានលើកឡើងថា «ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ហ្លួងម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ចំនួន២ម៉ឺនដុល្លារអាម៉េរិកជូនកាកបាទក្រហមកម្ពុជា។ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ហើយដោយមើលឃើញពីការលំបាករបស់សាលារៀននៅទីជនបទឆ្ងាយដាច់ស្រយាល ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចយកព្រះរាជទ្រព្យទាំងនោះ មកសាងសង់សមិទ្ធផលជារូបវន្ត គឺជាកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យជូនដល់សាលារៀនចំនួន៥ នៅខេត្តកំពង់ធំ សម្រាប់ការប្រើប្រាស់លើកកម្ពស់សុខភាពអនាម័យ បរិស្ថានល្អដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀន ជាពិសេសគឺទប់ស្កាត់ និងកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩។» ជាមួយគ្នានេះ លោកស្រី ក៏បានជម្រាបជូនពីសមិទ្ធផលដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រទានដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្នុងវិទ្យាល័យចំនួន១ និងសាលាបឋមសិក្សាចំនួន៦ នៅស្រុកកោះញែក និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២២កន្លងទៅ ដែលក្នុងនោះរួមមានអណ្ដូងទឹកស្អាតចំនួន៣ កន្លែងលាងសម្អាតដៃចំនួន៧ និងបង្គន់អនាម័យចំនួន១ខ្នង (មាន៤បន្ទប់)ផងដែរ។
លោកស្រី អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ផងដែរថា ៖ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតែប្រោសប្រទានព្រះរាជទ្រព្យដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ខែ ត្រីមាស ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា និងក្នុងឱកាសផ្សេងៗដែលជាការបន្តទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
លោក ញឹក បានខេង អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ជំនួសមុខឱ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានសម្តែងនូវក្តីរំភើបរីករាយ និងពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែងដោយបានទទួលនូវសមិទ្ធផលថ្មីស្រឡាងដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ហ្លួងម៉ែ នរោត្ត មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាតាមរយៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវកន្លែងលាងសម្អាតដៃចំនួន ៦កន្លែង និងបន្ទប់ទឹកអនាម័យ ៣ខ្នង សម្រាប់ជាមរតកដល់ខេត្តកំពង់ធំ ព្រមទាំងសូមប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសមិទ្ធផលព្រះរាជអំណោយទាំងនេះឱ្យបានគង់វង្សយូរអង្វែងតទៅ។
សូមបញ្ជាក់ថា សមិទ្ធផលទាំងនោះរួមមាន ៖
១. កន្លែងលាងសម្អាតដៃ១ និងបង្គន់អនាម័យ១ខ្នង មាន៣បន្ទប់ ស្ថិតនៅវិទ្យាល័យកំពង់ថ្ម ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក។
២. កន្លែងលាងសម្អាតដៃ២ និងបង្គន់អនាម័យ១ខ្នង មាន៣បន្ទប់ ស្ថិតនៅវិទ្យាល័យស្ទឹងសែន ស្ថិតក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន។
៣. កន្លែងលាងសម្អាតដៃ១ និងបង្គន់អនាម័យ១ខ្នង មាន៣បន្ទប់ ស្ថិតនៅវិទ្យាល័យទួលក្បិល ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។
៤. កន្លែងលាងសម្អាតដៃ១ ស្ថិតនៅវិទ្យាល័យចំណារលើ ស្ថិតក្នុងឃុំចំណារលើ ស្រុកស្ទោង។
៥. កន្លែងលាងសម្អាតដៃ១ ស្ថិតនៅសាលាបឋមសិក្សាបាក់ស្រី ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ។
ស្ថិតក្នុងឱកាសនៃពិធីប្រគល់-ទទួលសមិទ្ធផលនោះដែរ លោកស្រី លោក គណៈអធិបតី ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន ៨០នាក់ ដែលទើបជ្រើសរើស និងបណ្តុះបណ្តាលថ្មី ប្រចាំនៅវិទ្យាល័យទួលក្បិលផងដែរ។ យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ក៏បានទទួលនូវអនុសាសន៍ណែនាំស្តីពីតួនាទី និងភារកិច្ចរបស់យុវជន ក្នុងនាមជាគំរូល្អដល់យុវជនដទៃទៀត ហើយជាមួយនឹងឯកសណ្ឋានថ្មីនេះ យុវជនទាំងអស់នឹងបន្តអនុវត្តឱ្យបានកាន់តែសកម្មក្នុងសកម្មភាពមិត្តអប់រំមិត្តឱ្យកាន់តែប្រសើរឡើង៕
ដោយ : សហការី