ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ​៖​ ផលិតស្រូវក្នុងខេត្តទទួលបានជាង១,៥លានតោន ,គិតជាទឹកប្រាក់ជិត៤០០លានដុល្លារ​ ក្នុងឆ្នាំ២០២២នេះ!

ចែករំលែក៖

ខេត្តព្រៃវែង ៖ ខេត្តព្រៃវែងឆ្នាំ២០២២នេះ តាមការវាយតម្លៃបឋមបានបង្ហាញថាបរិមាណផលស្រូវប្រចាំឆ្នាំសម្រេចបានចំនួន ១,៥៤៦, ៨១៦ តោន ហើយតម្លៃមធ្យម ២៥០ដុល្លាក្នុង១តោន។​ នេះបើ​តាមការបញ្ជាក់ពី​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក អ៊ុក សំណាង​ បានថ្លែង​ឱ្យ​ដឹងនៅថ្ងៃសុក្រទី០៩​ ខែធ្នូ​ ឆ្នាំ​២០២២។ 

លោកប្រធានមន្ទីរ​កសិកម្ម​ខេត្តរូបនេះ​ បានថ្លែង​បញ្ជាក់ថា​ បើគិតការចំណាយថវិកាដើម្បីទិញស្រូវវិញ ត្រូវការថវិការប្រមាណចំនួន ៣៨៦,៧០៤,០០០ដុល្លា ឯណ្ណោះ ទើបអាចប្រមូលទិញស្រូវអស់ ប៉ុន្តែចំពោះមុខនេះស្រូវទាំងនោះ បានលក់ក្រៅផ្លូវការទៅកាន់ប្រទេស វៀតណាមជារៀងរាល់ថ្ងៃស្ទើអស់ទាំងស្រុងហើយ។

លោក​ អ៊ុក សំណាង​ បន្តថា ខេត្តព្រៃវែង ដាំដុះស្រូវចំនួន៣ប្រភេទគឺ ស្រូវស្រាលមិនប្រកាន់រដូវ ស្រូវកណ្ដាល និងស្រូវធ្ងន់ប្រកាន់រដូវ ហើយរដ្ឋាភិបាលក៏បានជំរុញឲ្យពលរដ្ឋដាំដុះស្រូវស្រាលនេះឱ្យបានច្រើនជាងស្រូវធ្ងន់ ព្រោះប្រើរយៈពេលខ្លី ស្រូវស្រាលខេត្តព្រៃវែងភាគច្រើននាំចេញទៅប្រទេសវៀតណាមដោយសារខេត្តព្រៃវែង មានព្រំប្រទល់នៅជិតប្រទេសវៀតណាម និងក៏ព្រោះតម្រូវការទីផ្សារ ប្រទេសវៀតណាមមានលទ្ធភាព ក្នុងការប្រមូលទិញផងដែរ។

បន្ថែមពីនេះ​ លោក​ប្រធានមន្ទីរ​ បានគូសបញ្ជាក់ថា៖ ចំពោះស្រូវដែលប្រជាពលរដ្ឋក៏ដូចជាឈ្មួញនាំទៅលក់នៅប្រទេសវៀតណាម តាមច្រកសំខាន់ចំនួនពីរ​ គឺច្រកទ្វារអន្តរជាតិកោះរកា ស្រុកពាមជរ​ និងច្រកទ្វារអន្តរជាតិបន្ទាយចក្រី​ ស្រុកព្រះស្តេច៕

ដោយ​៖សហការី​


ចែករំលែក៖