ព័ត៌មានទាន់ហេតុការណ៍៖

ល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃល្ងាចថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ពិធីបុណ្យសមុទ្រនៅឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។ការដាក់ចេញនូវប្រធានបទនេះ គឺសមស្របជាមួយបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល។ ក្នុងន័យនេះ សន្តិភាព គឺពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើនសម្រាប់ពេលអនាគត បានកំពុងបង្កើតជាកាលានុវត្តភាពច្រើនផ្តើមចេញពីសន្តិភាពនេះ។

ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងជំរុញការយកចិត្តទុកដាក់កាន់តែខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

គេហទំព័រ Facebook សម្រេចតេជោនាយករដ្ឋមន្ត្រីនៅផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៥:០០នាទី ល្ងាច ពីទីលានសម្ដេចតេជោ ក្រុងព្រះសីហនុ ៕

ដោយ ៖ សិលា


ចែករំលែក៖