ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត : បានកត់សម្គាល់ពីការកែប្រែវិបត្តិទៅជាឱកាសរបស់កម្ពុជា តាមរយៈការប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ឱ្យទៅជាសក្តានុពល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នេះ មុននឹងអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតលើកទី៦ ក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសកលលោក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដឹកនាំដោយលោក មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំប្រតិភូចូលរួមក្នុងមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសាកលលោក និងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ 

សូមបញ្ជាក់ថា, ប្រធានក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត លោក មីឆែល ប៊ូសូល (Michel Bujold) បានកត់សម្គាល់ពីការកែប្រែវិបត្តិទៅជាឱកាសរបស់កម្ពុជា តាមរយៈការប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ឱ្យទៅជាសក្តានុពល។

តាមការឲ្យដឹងពីជំនួយការសម្ដេចតេជោលោក អ៊ាង សុផល្លែត បានអោយដឹងថា លោក មីឆែល ប៊ូសូល តំណាងឲ្យប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានគោរពជម្រាបជូនសម្ដេចតេជោថា លោកមានសេចក្តីរីករាយដែលបានទទួលដំណឹងថា សម្ដេចតេជោ នឹងធ្វើដំណើរទៅអឺរ៉ុប ក្នុងការពិភាក្សាការស្វែងរកសន្តិភាព ដែលប្រទេសនៅអឺរ៉ុបត្រូវការបំផុត ជាពិសេសនៅប្រទេសអ៊ុយក្រែន។ 

ជាងនោះទៅទៀត លោកក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចតេជោ ក្នុងការគ្រប់គ្រងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អ នាំទៅដល់ការបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ ការទទួលថ្នាក់ដឹកនាំកំពូលៗ មកពីតំបន់និងពិភពលោក មកប្រជុំកំពូលនៅរាជធានីភ្នំពេញ និងនៅពេលនេះរៀបចំដឹកនាំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនៅខេត្តព្រះសីហនុ។ 

លោក មីឆែល ប៊ូសូល បានបន្ថែមថា អ្វីជាគំរូ ដែលប្រតិភូបានកត់សម្គាល់ឃើញនោះគឺ សម្ដេចតេជោបាន ប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ឱ្យទៅជាសក្តានុពល។ ជាមួយគ្នានោះ សម្តេចបានឆ្លៀតឱកាសកូវីដ-១៩ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ អាងប្រព្រឹត្តកម្មទឹកកខ្វក់ លំអទីក្រុងធ្វើឲ្យចរាចរណ៍ធ្វើដំណើរបានយ៉ាងរលូន បានយ៉ាងល្អ និងធ្វើឲ្យភ្លើងភ្លឺចិញ្ចាចដែលអាចនិយាយបានថា ទីក្រុងព្រះសីហនុជាទីក្រុងភ្លឺចិញ្ចាចដ៏ស្រស់បំព្រង។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណជូនលោក មីឆែល ប៊ូសូល ហើយបានមានប្រសាសន៍ថា កូវីដ-១៩ ពិតជាបាននាំមកនូវផលវិបាកដល់យើងមែន ប៉ុន្តែយើងបានគ្រប់គ្រងបានល្អ បានជួយសង្គ្រោះជីវិតមនុស្សប្រមាណ ៤ពាន់នាក់មកពីប្រមាណ ៧០ប្រទេសដែលជាប់គ្មានកន្លែងចុះចតលើកប៉ាល់វ៉េស្ទើដាម ហើយថ្ងៃនេះជាថ្ងៃទិវាសិទ្ធិមនុស្ស ប្រសិនបើគ្មានសន្តិភាពទេ វាសនាប្រជាជនលើ កប៉ាល់មិនដឹងជាយ៉ាងម៉េច។

សម្តេចតេជោបន្តថា សន្តិភាពផ្ដល់នូវការរស់រានមានជីវិត និងសិទ្ធិដទៃទៀត ដែលបន្តផ្ដើមចេញពីសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍន៍ ការកសាងសេដ្ឋារចនាសម្ព័ន្ធ រៀបចំបុណ្យសមុទ្រប្រចាំឆ្នាំ តាមខេត្តដែលមានឆ្នេរសមុទ្រជារៀងរាល់ឆ្នាំដើម្បីអភិរក្ស ការពារ អភិវឌ្ឍន៍និងទាក់ទាញទេសចរណ៍ ទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា។

សម្តេចតេជោបានបន្ថែមទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពរាល់លក្ខខណ្ឌជាសមាជិកភាពក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ទោះស្ថិតនៅក្នុងកាល:ទេស:ណាក៏ដោយ ហើយក៏បានស្នើសុំឲ្យមាន ការពិចារណាដាក់លក្ខខ័ណ្ឌមួយបន្ថែមទៀតនោះគឺកុំឱ្យមានការប្រើប្រាស់ថង់ប្លាស្ទីកនៅតាមឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវអនុសាសន៍គន្លឹះចំនួន៨ចំណុច ដើម្បីចូលរួមដល់កិច្ចពិភាក្សា ក្នុងអង្គមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក។ 

សូមជម្រាបថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះមានទីស្នាក់ការ នៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធ ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោកក្នុងមហាសន្និបាតលើកទី៧របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់៕

ដោយ : សិលា


ចែករំលែក៖