ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះដំណឹងនៃការធ្លាក់ខ្លួនជួបទុក្ខលំបាករបស់តារាសម្តែង សឿ សុធារ៉ា បានធ្វើឲ្យមហាជនអាណិតនាងជាពន់ពេក។
ដោយសារមើលឃើញពីសេចក្តីលំបាករបស់ក្រុមគ្រួសារតារាសម្តែង សឿ សុធារ៉ា ឯកឧត្តម ខៀវ កាញារីទ្ធ បានចេញមុខជួយឧបត្តម្ភផ្ទះមួយខ្នងតម្លៃ២ម៉ឺនដុល្លារ ជូនដល់តារាសម្តែងរូបនេះ។
គេចាំបានថានៅមុននេះមានការភ្ញាក់ផ្អើល និងផ្ទុះការចាប់ អារម្មណ៍ បន្ទាប់ពីតារាសម្តែង សឿ សុធារ៉ា បានបង្ហោះរូបភាពនិងសារថ្លែងអំណរគុណដល់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ដែលបានផ្តល់ជម្រកថ្មីជូនដល់នាង ដែលរឿងនេះអាចជួយស្រោចស្រង់ កូនៗទាំងពីរនិងអ្នកនាងសឿ សុធារ៉ា ឱ្យមានពន្លឺឡើងវិញ ។
អ្នកនាងសឿ សុធារ៉ា បានរៀបរាប់ថា នាងខ្ញុំសឿ សុធារ៉ាព្រមទាំងកូនៗ សូមលើកដៃសំពះដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវកញ្ញារិទ្ធ និងលោកជំទាវ “ លោកពុក លោកម៉ែ“ ដែលបានផ្តល់ជំរកអោយនាងខ្ញុំនិងកូនៗអោយបានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ ២ម៉ឺនដុល្លារដើម្បីជាការនឹករលឹកដឹងគុណដល់លោកទាំងពីរ នាងខ្ញុំនិងកូនៗនិងខិតខំបំរើដល់សិល្បៈជាថ្មីឡើងវិញទាំងម្តាយ ទាំងកូនអោយអស់ពីកំលាំងកាយចិត្តហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុងវិស័យសិល្បៈនេះអោយជាប់លាប់ មិនអោយលោកទាំងពីរខកបំណងឡើយ។ កូន និងចៅៗ សូមជូនពរលោកទាំងពីរអោយមានសុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នៃសិល្បៈគ្រប់វិស័យទាំងអស់។ ក្រោយពីបានដឹងដំណឹងនេះ អ្នកលេងបណ្តាញសង្គមជាច្រេីនបានសម្តែងក្តីរំភេីបជំនួសអ្នកនាង សុធារ៉ា និងបានថ្លែង អរគុណ ដល់ទឹកចិត្ត ឯកឧត្តម និងលោកជំទាវពិតជាមានទឹកចិត្តជ្រះថ្លាមិនអាចកាត់ថ្លៃបាន។
គួរបញ្ជាក់ដែរថាកាលពី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលជួប និងផ្តល់ជូននូវថវិកាដល់ អ្នកនាង សឿ សុធារ៉ា អតីតតារាសំដែង និងកូនៗ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយទើបបាត់បង់ ម្តាយជាទីស្រលាញ់ទទួលមរណភាព ដោយរោគាពាធកាលពីពេលថ្មីៗកន្លងមកនេះ ។គ្រានោះអ្នកនាង សឿ សុធារ៉ា បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានជួយគាំទ្រ និងជួយឧបត្តម្ភជាថវិកា ដល់គ្រួសារអ្នកនាង នៅពេលជួបការលំបាក ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលើកទឹកចិត្ត ដល់អ្នកនាង សឿ សុធារ៉ា ត្រូវបន្តប្រឹងប្រែងតស៊ូក្នុងជីវិតបន្តទៀត ដើម្បីមើលថែរក្សាកូនៗ ឱ្យប្រឹងប្រែងសិក្សារៀនសូត្រ មានចំណេះដឹង មានអនាគតល្អ ៕
ដោយ ៖ វឌ្ឍនា