លោក Michael O’Neill បានត្រឡប់មកវិញសម្រាប់ការប្រកួតលើកទី២ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអៀរឡង់ខាងជើងក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំកន្លះ។ គ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះនឹងទទួលបន្ទុកសម្រាប់យុទ្ធនាការជម្រុះ Euro 2024 នាពេលខាងមុខ ដោយបន្តពីលោក Ian Baraclough ដែលត្រូវបានបណ្តេញចេញពីមុខតំណែងនៅថ្ងៃទី២១ ខែតុលា។
លោក O’Neill បានក្លាយជាអ្នកចាត់ការទូទៅរបស់ក្លិប Stoke City ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែបានបន្តធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់អៀរឡង់ខាងជើងផងដែរ រហូតដល់លាលែងពីតំណែងក្នុងខែមេសា ឆ្នាំ២០២០។ ការតែងតាំងរបស់គាត់ត្រូវបានបញ្ជាក់ដោយសមាគមបាល់ទាត់អៀរឡង់ខាងជើងកាលពីថ្ងៃព្រហស្បតិ៍។
លោក O’Neill ត្រូវបានបណ្តេញចេញពីការងាររបស់គាត់នៅក្លិប Stoke ក្នុងខែសីហា ឆ្នាំ២០២២។ក ក្រុមនេះបានឈ្នះការប្រកួតលីកមួយក្នុងចំណោមការប្រកួតលីកចំនួន៥លើកដំបូងរបស់ពួកគេ នៅពេលដែលគាត់បានសម្រាកពីតួនាទីរបស់គាត់បន្ទាប់ពីបានដឹកនាំអស់រយៈពេលជិត៣ឆ្នាំ។
ដោយត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមអៀរឡង់ខាងជើងនៅចុងឆ្នាំ២០១១អាណត្តិដំបូងរបស់លោក O’Neill បានធ្វើឱ្យគាត់ដឹកនាំក្រុមទៅវគ្គផ្តាច់ព្រ័ត្រ Euro 2016 នៅប្រទេសបារាំង ដែលជាលើកទី១ក្នុងរយៈពេល៣០ឆ្នាំដែលប្រទេសនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតដ៏សំខាន់មួយនេះ។ គាត់បានដឹកនាំក្រុមរបស់គាត់ទៅកាន់ជុំទី២ដោយបានផ្តួលអ៊ុយក្រែន ប៉ុន្តែទីបំផុតបានចាញ់ក្រុមវែលក្នុងវគ្គ១៦ក្រុមចុងក្រោយ។
ក្រោយមកអៀរឡង់ខាងជើងទើបតែខកខានមិនបានទៅលេងនៅវគ្គផ្តាច់ព្រ័ត្រ World Cup ក្នុងប្រទេសរុស្ស៊ី ឆ្នាំ២០១៨ នៅពេលដែលពួកគេបានចាញ់ស្វីស ១-០ ក្នុងការប្រកួតជម្រុះក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។ ពីរខែក្រោយមកលោក O’Neill បានបដិសេធការផ្តល់ជូនដើម្បីក្លាយជាអ្នកគ្រប់គ្រងស្កុតលែនបន្ទាប់ពីការពិភាក្សាជាមួយ Scottish FA ជំនួសមកវិញដោយយល់ព្រមលើកិច្ចសន្យាថ្មីដើម្បីបន្តដឹកនាំប្រទេសកំណើតរបស់គាត់។
បន្ទាប់ពីការតែងតាំងរបស់គាត់ដោយក្លិប Stoke ដំបូងគាត់នៅតែជាអ្នកគ្រប់គ្រងអៀរឡង់ខាងជើង ហើយមានបំណងបន្តសម្រាប់ការប្រកួត Euro 2020 ដែលត្រូវបានកំណត់សម្រាប់ខែមីនា ឆ្នាំ២០២០តែប៉ុណ្ណោះដែលត្រូវបានពន្យារពេលដោយជំងឺរាតត្បាត Covid-19 ។
ជាមួយនឹងការពន្យារពេលប្រកួតវគ្គ Play-off យ៉ាងហោចណាស់រហូតដល់រដូវស្លឹកឈើជ្រុះឆ្នាំ២០២០ លោកO’Neill បានលាលែងពីតំណែងជាគ្រូបង្វឹកក្រុមអៀរឡង់ខាងជើងនៅថ្ងៃទី២២ ខែមេសា ដោយលោក Baraclough ត្រូវបានតែងតាំងជាអ្នកស្នងតំណែងរបស់គាត់ពីរខែក្រោយមក។
សហព័ន្ធអៀរឡង់ខាងជើសង្ឃឹមថា ការតែងតាំងលោក O’Neill អាចស្តារសំណាងរបស់ក្រុមជម្រើសជាតិឡើងវិញ បន្ទាប់ពីលទ្ធផលដ៏គួរឱ្យខកចិត្តជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់លោក Baraclough ដែលបានឈ្នះត្រឹមតែ៤លើកប៉ុណ្ណោះពីការប្រកួតចំនួន២២។ អៀរឡង់ខាងជើងនឹងត្រូវជួបជាមួយដាណឺម៉ាក, ហ្វាំងឡង់, ស្លូវេនី, កាហ្សាក់ស្ថាន និងសាន់ម៉ារីណូក្នុងវគ្គជម្រុះយូរ៉ូ២០២៤ដែលនឹងចាប់ផ្តើមនៅខែមីនាឆ្នាំក្រោយ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)