ខេត្តកំពត៖ យុវជនម្នាក់ត្រូវបានឃាតកមិនស្គាល់មុខសម្លាប់ហើយទុកសពចោលនៅភូមិចាស់មួយស្ថិតក្នុងភូមិអូរម្កាក់ជិតជួរភ្នំសែនហានក្នុងភូមិសាស្ត្រឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ជនរងគ្រោះដែលត្រូវបានឃាតកវាយសម្លាប់នេះត្រូវបាននគរបាលស្រុកអង្គរជ័យនិងកម្លាំងកងរាជអាវុធហត្ថធ្វើកោសល្យវិច័យរួមគ្នាកាលពីព្រឹកថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២២នៅនឹងកន្លែងកើតហេតុតែម្ដង។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះត្រូវគេអត្តសញ្ញាណផងដែរគឺឈ្មោះ ទុំ ចាន់ថា ហៅហេង អាយុ២៩ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ។
តាមការឱ្យដឹងពីក្រុមសាច់ញាតិជនរងគ្រោះបញ្ជាក់ប្រាប់ថា: យុវជនរងគ្រោះឈ្មោះទុំ ចាន់ថា ជាអ្នកបើករថយន្តដឹកអីវ៉ាន់ចាប់ហួយដាក់ឱ្យម៉ូយ ហើយនៅថ្ងៃសីលទី៨ខែធ្នូ ជនរងគ្រោះបានមកផ្សារតានីទិញផ្លែឈើយកមកសែនក្បាលឡានរួចក៏បាត់ដំណឹងរហូត ទូរស័ព្ទក៍ធ្វើការទាក់ទងគ្នាមិនបាន។ លុះដល់ព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០២២ទើបមាននគរបាលបានបង្ហាញអត្តសញ្ញាណបណ្ណ័ជនរងគ្រោះដែលត្រូវបានគេសម្លាប់ទៅក្រុមសាច់ញាតិទើបដឹងថាឈ្មោះទុំ ចាន់ថា បាត់ខ្លួនតាំងពីថ្ងៃទី៨ ខែធ្នូហូតដល់ថ្ងៃទី១០ ទើបគេប្រទះឃើញសពនៅក្នុងព្រៃ។
គេមិនទាន់បានលម្អិតករណីឃាតកម្មប្លន់យកម៉ូតូនេះថាតើបាត់បង់ទ្រព្យសម្បត្តិអ្វីខ្លះនៅឡើយទេ។នៅព្រឹកព្រលឹមថ្ងៃទី១០ខែធ្នូ ប្រជាពលរដ្ឋនៅភូមិដើមពោធិ ឃុំអង្គសុរភី ស្រុកកំពង់ត្រាចបានប្រទះឃើញម៉ូតូហុងដាឌ្រីម សេ125មួយគ្រឿងផលឹតឆ្នាំ២០២២នៅក្នុងភូមិរបស់ខ្លួន។ម៉ូតូនោះត្រូវបានគេដោះត្រឹមផ្នែកខាងក្រោយចោលទាំងស្លាកលេខបាត់ផង។ការដាក់ប្លុងចោលម៉ូតូមួយគ្រឿងនោះត្រូវបាននគរបាលស្រុកកំពង់ត្រាចនិងនគរបាលស្រុកអង្គរជ័យមករួមគ្នាផ្ទៀងផ្ទាត់ករណីសម្លាប់មនុស្សនៅស្រុកអង្គរជ័យក្រោមការដឹកនាំស្រាវជ្រាវពីលោកឧត្តមសេនីត្រីលក ញ៉ាវ ស្នងការរងនគរបាលខេត្តកំពតបានបញ្ជាក់អះអាងកាលពីព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០២៣ថា ម៉ូតូដែលប្លុងចោលនោះជាម៉ូតូរបស់ជនរងគ្រោះដែលគេបានសម្លាប់នៅស្រុកអង្គរជ័យ។ លោកអធិការនគរបាលស្រុកអង្គរជ័យនិយាយថា សមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពតសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យកំពុងធ្វើការស្រាវជ្រាវក្នុងរឿងនេះដើម្បីវែកមុខនិងឃាត់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕
ដោយ ៖ រ៉ារ៉ា