ភ្នំពេញ៖ ក្នុងមួយខែវិច្ឆិកាឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំង និងមន្ត្រីរាជការពាក់ព័ន្ធបំពេញការងារបានយ៉ាងល្អ ទាំងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ដោះស្រាយបណ្ដឹង ជាមួយនឹងការកែលម្អសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែមានសោភណភាពស្រស់បំព្រង រហូតទទួលបានការគាំទ្រពីជាតិនិងអន្តរជាតិ ជាពិសេសនៅពេលប្រជុំអាស៊ានលើកទី ៤០និងលើកទី៤១ និងប្រជុំវេទិកាអភិបាលក្រុងASEANកន្លងទៅ។
នេះជាការលើកឡើងរបស់លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២នេះ ក្រោមអធិបតិភាពលោកម៉ប់ សារិន និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
លោកម៉ប់ សារិន ក្នុងឱកាសនោះបានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរ កងកម្លាំងនិងមន្ត្រីរាជការពាក់ព័ន្ធដែលបានចូលរួមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរដោយជោគជ័យធ្វើឱ្យកិត្យានុភាពរបស់រាជធានីភ្នំពេញក៏ដូចព្រះរាជាណាចក្រកម្ពុជាកាន់តែធ្វើឱ្យមជ្ឈដ្ឋានជាតិ អន្តរជាតិមានការកោតសរសើរក្នុងកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី ០២-០៣ ខែធ្នូ ឆ្នាំ២០២២នៅរាជធានីភ្នំពេញ និងក្នុងព្រឹត្តិការណ៍ពិធីបើក-បិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងមកបានល្អប្រសើរ នៅកីឡដ្ឋានជាតិមរតកតេជោ។ សូមកោតសរសើរអាជ្ញាធរ និងសមត្ថកិច្ច គ្រប់ខណ្ឌដែលបានបើកយុទ្ធនាការផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់គេហដ្ឋាន ដែលធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ និងអបអរសាទរយ៉ាងខ្លាំង។ សូមកោតសរសើរដល់អង្គភាពពន្ធដារដែលប្រមូលពន្ធរយៈពេល១១ខែ ឆ្នាំ២០២២ បានលើសផែនការច្បាប់ ៤,៣១%។
លោកម៉ប់ សារិន ក៏បានថ្លែងនូវការអរគុណដល់មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលបានបង្ហាញលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពផ្សាររដ្ឋ ផ្សារឯកជន និងផ្សារទំនើបក្នុងរាជធានីភ្នំពេញ និងការធ្វើបច្ចុប្បន្នភាពផលិតផលសក្តានុពលក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញចលនាភូមិមួយផលិតផលមួយរាជធានីភ្នំពេញ និងសូមសរសើរលើការតាមដានប្រមូលនិងដឹកជញ្ជូនសំរាមតាមខណ្ឌ និងសង្កាត់ដែលធ្វើឱ្យសំរាមមិនមានការកកស្ទះ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំអាស៊ានលើកទី ៤០ និងលើកទី៤១ និងប្រជុំវេទិកាអភិបាលក្រុងASEANកន្លងមកនេះ រាជធានីភ្នំពេញរបស់យើងរៀបចំទទួលបានជោគជ័យយ៉ាងធំធេង ។ ការទទួលបានជោគជ័យទទួលការកោតសរសើរពីជាតិ អន្តរជាតិនេះ គឺបានមកពីការចូលរួមសហការគ្នាបានយ៉ាងល្អរវាងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធររាជធានី ហើយអ្វីដែលពិសេសថែមទៀតនោះគឺការចូលរួមសហការបានល្អពីប្រជាពលរដ្ឋ ។
លោក ឃួង ស្រេង បញ្ជាក់ថា៖ ប្រទេសកម្ពុជាយើងមានឯកភាពជាតិហើយ ផ្តើមចេញពីកម្ពុជាមានសន្តិភាពពេញលេញ ។ជាក់ស្តែងក្នុងកិច្ចប្រជុំអាស៊ានលើកទី៤០ និងលើកទី៤១ និងប្រជុំវេទិកាអភិបាលក្រុង ASEANកន្លងមកនេះ ប្រជាពលរដ្ឋបាលចូលរួមយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដោយពួកគាត់មិនខ្លាចពីការខាតបង់ប្រាក់ចំណូលប្រចាំថ្ងៃពីការលក់ដូរឡើយ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យ ដែលបានធ្វើឱ្យកម្ពុជាយើងមានមុខមានមាត់លើឆាកអន្តរជាតិ។
លោកបន្តទៀតថា៖ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញចំពោះអាជ្ញាធររាជធានីខាងលើនេះ ជាការលើកទឹកចិត្តមួយដ៏ធំ ដើម្បីអាជ្ញាធររាជធានីបន្តអនុវត្តការងារឱ្យកាន់តែល្អប្រសើរថែមមួយកម្រុតទៀត៕
ដោយ ៖ សំរិត