ភ្នំពេញ៖ កម្ពុជាបាននាំចេញទំនិញសរុបមានទឹកប្រាក់ប្រមាណ ២០,៤ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កើនឡើង១៨ ភាគរយ ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។
សហអាមេរិកគឺជាទីផ្សារចម្បងដែលកម្ពុជាបាននាំចេញទំនិញច្រើនជាងគេ ក្នុងតម្លៃ ជាង៨ពាន់លានដុល្លារ បន្ទាប់គឺប្រទេសវៀតណាម ចិន អាល្លឺម៉ង់ ជប៉ុន កាណាដា អង់គ្លេស ថៃ បែលហ្ស៊ិក ហូឡង់ អូស្ត្រាលី អេស្ប៉ាញ បារាំង ឥណ្ឌា អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី និងទីផ្សារមួយចំនួនទៀត។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃចន្ទបង្ហាញថា កម្ពុជាបាននាំចេញផលិតផលសរុបក្នុងទឹកប្រាក់ចំនួន ២០,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ កើនឡើង ១៨ ភាគរយ ពី១៧,៣ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯផលិតផលនាំចេញសំខាន់រួមមានសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកង់ និងទំនិញកសិកម្មមួយចំនួនដូចជា អង្ករ, កៅស៊ូ,ដំឡូងមី,ចេក និងស្វាយ។
របាយការណ៍ បានបន្ថែមថា ទិសដៅនាំចេញធំៗទាំង៥ សម្រាប់កម្ពុជាក្នុងអំឡុងខែមករាដល់ខែវិច្ឆិកាគឺសហរដ្ឋអាមេរិក វៀតណាម ចិន អាល្លឺម៉ង់ និងជប៉ុន។
ជាមួយគ្នានេះ កម្ពុជា បាននាំចូលទំនិញសរុបចំនួន ២៧,៧ ពាន់លានដុល្លារ កើនឡើង ៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទំនិញនាំចូលសំខាន់ៗរួមមានប្រេង និងឧស្ម័ន វត្ថុធាតុដើមសម្រាប់សំលៀកបំពាក់ ស្បែកជើង យានជំនិះ គ្រឿងយន្ត គ្រឿងអេឡិចត្រូនិច និងផលិតផលប្រើប្រាស់ផ្សេងៗ។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកាលពីពេលថ្មីៗនេះថា ដោយសារភាពរឹងមាំនៃវិស័យផលិតកម្ម ការនាំចេញនឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ប្រមាណ ៥% ក្នុងឆ្នាំ២០២២នេះ និងប្រមាណ ៦% ក្នុងឆ្នាំ២០២៣ ខាងមុខ ដែលមានកម្រិតប្រហាក់ប្រហែលគ្នាទៅនឹងការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា៖ IMF, WB, និង ADB ផងដែរ។
អនុរដ្ឋលេខាធិការលោកប៉ែន សុវិជាតិ និងជាអ្នកនាំ ពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍កាលពីពេលថ្មីៗនេះថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាចលកររួមចំណែកក្នុងការជំរុញការនាំចេញរបស់ប្រទេសកម្ពុជាកើនឡើង។
លោកអ្នកនាំពាក្យបញ្ជាក់ថា កំណើននៃការនាំចេញរបស់កម្ពុជា គឺជាសក្ខីភាពមួយចំពោះការចូលទៅកាន់ទីផ្សារកាន់តែធំនៃផលិតផល ទៅកាន់ប្រទេសសមាជិក RCEP ហើយកិច្ចព្រមព្រៀងនេះ នឹងផ្តល់ការជំរុញដល់កំណើនពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេលវែង៕
ដោយ៖ សូរិយា