ខេត្តសៀមរាប ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលរួមប្រជុំពិភាក្សាការងារលើការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣ ជាមួយរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប នាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២។
ស.ស.យ.ក.គ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាប្រាព្ធខួបទី ១០ របស់អង្គរសង្ក្រាន ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» ដែលនាំយកសម្បត្តិវប្បធម៌ ទំនៀមទំលាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកសម្តែងនៅទឹកដីដ៏ពិសិដ្ឋនៃតំបន់ឧទ្យានអង្គរ។ ទន្ទឹមនឹងនោះ អង្គរសង្រ្កាន្ត ២០២៣ ក៏គ្រោងនឹងនាំយកកម្មវិធីរំលឹកអនុស្សាវរីយ៍សំខាន់ៗជាច្រើន រំលេចឡើងនូវខួប ១០ ឆ្នាំរបស់ខ្លួនផងដែរ។
ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជារដ្ឋបាលខេត្តសៀមរាប លោក ទៀ សីហា បានសម្តែងនូវក្តីសោមនស្សរីករាយដែលព្រឹត្តការណ៍អង្គរសង្រា្កន្តនឹងរៀបចំនៅឆ្នាំក្រោយនេះ។ លោកបានបន្ថែមថា ឯកឧត្តមសូមស្វាគមន៍ និងរងចាំចូលរួមផ្តល់កិច្ចសហការ និងសម្របសម្រួលដើម្បីអោយព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះប្រព្រឹត្តទៅដោយជោគជ័យ។ ឯកឧត្តមបានរំលេចថា ព្រឹត្តការណ៍នេះនឹងផ្តល់ជាឱកាសចូលរួមដ៏អធិកអធម និងសប្បាយរីករាយ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងជួយទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។
សូមជម្រាបជូនថា កាលពីពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ និងជនពិការលើកទី ១ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាសាធារណៈថានឹងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ស.ស.យ.ក. ក្នុងនាមជាម្ចាស់គម្រោងបាន និងកំពុងត្រៀមលក្ខណៈធ្វើយ៉ាងណាដើម្បីអោយព្រឹត្តិការណ៏អង្គរឆ្នាំ ២០២៣ នេះក្លាយជាព្រឹត្តិការណ៍ដែលផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មីខាងមុខនេះផងដែរ ៕
ដោយ : សហការី