ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃអង្គារទី១៣ ខែធ្នូ ឆ្នាំ២០២២បានឱ្យដឹងថា សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៣ ខែធ្នូនេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២នាក់ របួសធ្ងន់ចំនួន ៩នាក់ (ស្រី១នាក់) និងរបួសស្រាលចំនួន ៤នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែធ្នូ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៥នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៧លើក។
សូមរម្លឹកដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី១២ ខែធ្នូម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់និងរបួសចំនួន១៤នាក់ ក្នុងនោះស្លាប់ចំនួន ៤នាក់(ស្រី) របួសធ្ងន់ចំនួន ៩នាក់ (ស្រី១នាក់) និងរបួសស្រាលម្នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៩លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ