ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Camry Hybrid បុករបាំងថ្មពុះចែកផ្លូវជាតិលេខ២ បណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

    ភ្នំពេញ​៖ បុរសម្នាក់​បានបេីក​រថយន្តម៉ាក Camry Hybrid ក្នុងល្បឿនលឿន​ រួចរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាត​ ដែលបង្កឡេីងកាលពីវេលាម៉ោង១ និង៥០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចខាងមុខមីហឹរ៧យ៉ាង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរស៣ នាក់ធ្វេីដំណេីរក្នុង​ រថយន្តម៉ាកCamry Hybrid ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2BL -6772 បានធ្វេីដំណេីរមកតាមបណ្តាយផ្លូវជាតិលេខ២ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកេីតហេតុ​ មិនបានប្រុងប្រយ័ត្ន ក៏បានរេចង្កូតបុក(ក្បាលនាគ)របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យខូចខាតវៀចចេញពីជួរ​ រីឯរថយន្តដាច់ក្រឡេកង់ម្ខាងទៅមុខលែងរួច​ សំណាងដែរក្នុងហេតុការណ៍​នេះមិនបង្កឲ្យនរណាម្នាក់រងរបួស​ ។ 

    ក្រោយពេលកេីតហេតុ​ កម្លាំងសម្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងរាយការណ៍បន្តទៅសម្ថកិច្ចជំនាញឲ្យមកធ្វេីការវាស់វែង ស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចររាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​  ដេីម្បីឲ្យម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមច្បាប់ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖