ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ហេង សំរិន ៖ អបអរសាទរខួប៣០ឆ្នាំ ដែលប្រាសាទអង្គរវត្តបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ប្រាសាទអង្គរវត្តត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ជាខួបលើកទី៣០ឆ្នាំ ដែលប្រាសាទអង្គរវត្តត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

អង្គរវត្ត ជាប្រាសាទមួយរបស់ព្រះរាជាណាចក្រកម្ពុជាយើង ដែលត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។ ប្រាសាទ និងសិល្បៈរបស់យើងជាច្រើនទៀតបានទទួលស្គាល់ដោយអង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដែលមានដូចជា ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក របាំព្រះរាជទ្រព្យ លោ្ខនខោល ជាដើម។

ការបញ្ចូលជាសម្បត្តិបេតិភណ្ឌពិភពលោក រាល់កេរដំណែលរបស់យើង បានបង្ហាញឱ្យអន្តរជាតិបានស្គាល់នូវវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្មែរយើង ដែលមានតំាងពីអតីតកាលមក។ យើងមានមោទកភាពជាទីបំផុតចំពោះបុព្វបុរសយើង ដែលបានបន្សល់ទុកនូវស្នាដៃ និងកេរដំណែលដ៏សម្បូរបែប ដល់កូនចៅជំនាន់ក្រោយនេះ។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរនេះឡើងដើម្បីរំឭកស្មារតីកូនខ្មែរគ្រប់រូប ឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌជាតិ។ ជាពិសេស គឺសម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរយើង ដែលលោកបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឱ្យបាននូវសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

សូមបងប្អូនជនរួមជាតិបន្តចូលរួមថែរក្សា ការពារប្រាសាទបូរាណ វប្បធម៌សិល្បៈរបស់យើង ទំាងអស់ឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់តរៀងទៅ៕

ដោយ : សិលា


ចែករំលែក៖