ភ្នំពេញ៖ មានការវែកញែកដ៏ខ្លាំងក្លាពីក្រុមអ្នកតាមដានវិស័យកញ្ញាឯកបន្ទាប់ពីអតីតកញ្ញាឯករងលំដាប់ទី១ Miss Grand Cambodia 2022 កញ្ញាហង្ស សូរិយ៉ាន់ បានបង្ហាញមុខក្នុងកម្មវិធីV Talk របស់ពិធីករលោក អៀង វិឆ័យ។ អ្វីដែលធ្វើឱ្យពួកគេចាប់ភ្លឹកនោះគឺក្រោយពីនាងបានទម្លាយអំពីរឿងរ៉ាវពេលវេលាប្រថុចញ៉ុច និងការខ្វះខាតថវិកាក្នុងការចំណាយដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ពោលគឺនាងត្រូវលុបចោលការចេញទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Earth International 2022 ដែលត្រូវបានធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីចុងខែវិច្ឆិកាកន្លងទៅនេះ ។
នៅក្នុងបទសម្ភាសន៍ជាមួយលោក អៀង វិឆ័យ កញ្ញា ហង្ស សូរិយ៉ាន់បបានឱ្យដឹងថា ក្រុមហ៊ុនផលិតកម្មវិធីបានជួយខ្លះ ប៉ុន្តែនាងក៏ត្រូវរ៉ាប់រងការចំណាយខ្លះដែលនាងបានចូលរួមប្រកួតច្រើនកម្មវិធីកន្លងមកហើយដែរក៏មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ចេញទៅប្រកួតលើឆាកអន្តរជាតិឡើយ។ សម្តីនេះបានធ្វើឱ្យក្រុមអ្នកស្រលាញ់ចូលចិត្តវិស័យកញ្ញាឯករំជួលចិត្តអាណិតនាងគ្រប់គ្នា។ព្រោះតែក្តីស្រលាញ់ និងការបំពេញក្តីស្រមៃនាងបានព្យាយាមលះបង់ និងជម្នះពាក្យរិះគន់ ហើយមកចំណាយប្រាក់ដើម្បីឡើងឆាកប្រកួត ចុងក្រោយទទួលបានតំណែងមួយ និងទទួលបានឱកាសបង្ហាញសមត្ថភាព រូបសម្រស់នៅលើឆាកអន្តរជាតិ ប៉ុន្តែបែរជាត្រូវខកខានទៅវិញ។ ការលើកឡើងនេះក៏មានប្រតិកម្មចេញពីស្ថាប័នរៀបចំកម្មវិធី ដោយការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក Mis Earth Cambodia Official ដែរ។ គ្រាដែលកាលពីចុងខែតុលា គណនីហ្វេសប៊ុកផ្លូវការMis Earth Cambodia Official ធ្លាប់បានប្រកាសជាសាធារណៈដោយដកស្រង់សម្តីរបស់កញ្ញាហង្ស សូរិយ៉ាន់ថា នាងសម្រេចថាមិនអាចចេញទៅចូលរួមប្រកួតបានឡើយ ក្រោមហេតុផលមានបញ្ហាសុខភាព។ ក្រោយមកនៅថ្ងៃទី១២ ខែវិច្ឆិកា ស្រាប់តែហង្ស សូរិយ៉ាន់ បានបញ្ចេញលិខិតលាលែងពីតំណែងលំដាប់រងទី១របស់កម្មវិធីMiss Grand Cambodia 2022 ផងដែរ។ ការបញ្ចេញបទសម្ភាសន៍ពិសេសពីកម្មវិធីV Talk កាលពីថ្ងៃសុក្រសប្តាហ៍មុននេះបានធ្វើឱ្យអ្នកគាំទ្រនាងរំជួលចិត្ត អាណិតនាងគ្រប់គ្នា ហើយពួកគេនៅតែចង់ឃើញនាងបង្ហាញមុខលើឆាកប្រកួតណាមួយបន្តទៀត។ អ្វីដែលធ្វើទស្សនិកជនអ្នកគាំទ្រមានការចាប់អារម្មណ៍នោះគឺក្រោយពីគណនីហ្វេសប៊ុកថ្មីមួយឈ្មោះTroll Leng Kh បានបញ្ចេញសារដ៏រសើបមួយដែលបានលើកឡើងថា ”ម្ចាស់ស្ថាប័ន Miss Earth Cambodia Official និង ម្ចាស់ស្ថាប័ន Miss Grand Cambodia គឺលោក អុិន សុភិន តែម្នាក់ ហើយអ្នកកាន់ផេកក៏ជាលោក អុិន សុភិនតែម្នាក់គត់ដែរ។ បវរកញ្ញាហង្ស សូរិយ៉ាន់មិនបានទៅប្រលងនៅលើឆាកអន្តរជាតិព្រោះតែលោក អុិន សុភិន ឱ្យគាត់ទិញមកុដ ទិញឆៀង ទិញសំបុត្រយន្តហោះដោយខ្លួនឯង រួមទាំងចំណាយសព្វគ្រប់បែបយ៉ាងដោយខ្លួនឯងគឺជារឿងពិតមែន។ អ្វីដែលពិបាកហើយឱ្យសូរិយ៉ាន់សម្រេចចិត្តថាមិនទៅប្រកួតនៅលើឆាកអន្តរជាតិនោះគឺសល់ពេលមួយអាទិត្យទើបស្ថាប័នផ្ញើhandbook ឱ្យគាត់។ សល់ពេលតែ មួយអាទិត្យ សួរថារៀបចំសម្លៀកបំពាក់ទាន់ពេលទេ? កម្មវិធីតម្រូវឱ្យមាន 32 ឈុត ទោះចង់ជប់ក៏ជប់មិនចេញផង និយាយមែន ។ បើឱ្យស្ថាប័នរៀបចំរ៉ូបឱ្យ បងប្អូនគួរតែដឹងហើយថា ”ដើមណូអែល” សល់ពេលមួយអាទិត្យដេររ៉ូបចំនួន 32 រ៉ូប បងប្អូនគិតមើលទៅ គូរតែយល់ហើយ។ បញ្ជាក់ មិនមែនក្រុមហ៊ុនចំណាយទាំងអស់ដូចដែលផេក Miss Earth Cambodia official នេះនិយាយទេ គឺក្រុមហ៊ុនឱ្យសូរិយ៉ាន់ចេញលុយខ្លួនឯង តែសូរិយ៉ាន់ទុកកិត្តិយសឱ្យស្ថាប័នសុខចិត្តលាលែងពីតំណែងបវរកញ្ញាលេខ២។ ផេក Miss Earth Cambodia official ទៅលុបចោលការផុសហើយ បើស្ថាប័ននៅតែបន្តកុហកគេ fan នឹងហែកហួរការណ៍ពិតទាំងអស់ព្រោះស្ថាប័នអីហួសហេតុនិយាយគ្មានការណ៍ពិត។ ការលើកឡើងនេះនៅមិនទាន់ដឹងនៅឡើយទេថា តើជាការណ៍ពិតឬក៏យ៉ាងណា ខណៈដែលមុននេះ យើងបានព្យាយាមទំនាក់ទំនងទៅកាន់លោក អុិន សុភិន អគ្គនាយកផលិតកម្មមហាហង្សដើម្បីស្រាយបញ្ជាក់ពីបញ្ហានេះ ប៉ុន្តែនៅមិនទាន់អាចទំនាក់ទំនងបានឡើយទេ ហើយសារព័ត៌មានយើងនៅបន្តរង់ចាំការបកស្រាយរបស់លោកផងដែរ។ ប៉ុន្តែមុននេះគណនីហ្វេសប៊ុកផ្លូវការ Miss Earth Cambodia official ធ្លាប់បានធ្វើការចេញសំណេរបដិសេធចំពោះការលើកឡើងរបស់ហង្ស សូរិយ៉ាន់ក្នុងបទសម្ភាសន៍ខាងលើថា នេះមិនមែនជាការណ៍ពិត ពោលគឺក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងស្រុងលើការចំណាយរួមទាំងផ្តល់ប្រាក់ឱ្យនាងចាយក្រៅមួយចំនួនបន្ថែមទៀត ប៉ុន្តែសារនេះត្រូវបានលុបចោលបាត់ទៅហើយ។ តើការលើកឡើងនេះគឺជាការណ៍ពិតឬយ៉ាងណាគេនៅមិនទាន់អាចរកការបញ្ជាក់បន្ថែមបានទៀតនៅឡើយ ខណៈមុននេះស្រាប់តែគេបានឃើញហង្ស សូរិយ៉ាន់ ត្រូវបានស្ថាប័នកញ្ញាឯកថ្មីមួយទៀតប្រកាសធ្វើជាគណៈកម្មការផ្តល់ពិន្ទុទៅវិញ៕
ដោយ ៖ វឌ្ឍនា