ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនេីប​ TUCSON​ ចតស្ងៀមនៅលេីចំណីផ្លូវ​ ត្រូវរថយន្ត LEXUS RX 330 បុកបញ្ឆិតពីក្រោយពេញទំហឹង​ បណ្ដាលឱ្យខូចខាតទាំងសងខាងយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់​ និងអ្នករួមដំណេីរដោយបុរសម្នាក់ទៀត​ បានបេីករថយន្តម៉ាក​ Lexus Rx330 មួយគ្រឿងយ៉ាងលឿន​ ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនេីបម៉ាក​ Hyundai Tucson ដែលចតស្ងៀមលេីចំណីផ្លូវចំបញ្ឆិតពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ​ ។ 

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១​ និង៥០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃសៅរ៍​ ទី១៧ ខែធ្នូ​ ឆ្នាំ​២០២២​ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ​ ក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុនោះ​ គេឃេីញជនបរទេស២ទៅ៣នាក់​ បានបេីករថយន្តមួយគ្រឿងម៉ាក​ Hyundai Tucson​ ពណ៌ស​ ពាក់ផ្លាកលេខ​ កម្ពុជា CHR.1881​ មកចតអែបខឿនលេីចំណីផ្លូវ​ រួចចុះដេីរលេងកម្សាន្ត​ ។ មួយសន្ទុះក្រោយមកស្រាប់តែមានរថយន្តម៉ាក​ Lexus RX 330 ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AS-1701 បេីកបរដោយបុរសម្នាក់​ និងមានបុរសម្នាក់ទៀតរួមដំណេីរជាមួយ​ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតបុករថយន្ត​ Tucson ចំបញ្ឆិតពីក្រោយខាងឆ្វេងពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតជាខ្លាំង​ រីឯរថយន្ត Lexus rx330 ក៏ដាច់កាឡេកង់មុខផ្នែកខាងស្ដាំខូចខាតជាខ្លាំងផងដែរ​ ។ 

      ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់ធ្ងរ​ ឬបាត់បង់ជីវិតនោះទេ​ ។ ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ដោយឃេីញភាគីទាំងសងខាងមិនដោះស្រាយគ្នា​ទុករថយន្តចោល​ ទេីបទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖