ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលេីកទី១៩ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ សូមចូលរួមអបអរសាទរវទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ដែលក្លិបអ្នកកាសែត កម្ពុជា បានរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក និងអ្នក សារព័ត៌មានរបស់យើងបានជួបជុំពិភាក្សាផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ និងដោះស្រាយ បញ្ហាដែលបានអនុវត្តនាពេលកន្លងមក ព្រមទាំងលើកទិសដៅសម្រាប់អនុវត្តនាពេលខាងមុខ ដើម្បី លើកកម្ពស់សមត្ថភាព គុណភាព និងកិត្យានុភាពនៃស្ថាប័នសារព័ត៌មាន ព្រមទាំងពង្រឹងការអនុវត្ត ក្រុមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាការលើកស្ទួយសេរីភាពនៃការបញ្ចេញមតិ សេរីភាព ខាងសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងការអបអរសាទរវទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២២ នេះ ខ្ញុំពិតជា មានមោទកភាពចំពោះការរីកចំរើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាវិស័យដទៃទៀតដែរ ស្របពេលដែលមានការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថលនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ ជាមួយនឹងការបើក ទូលាយនៃការធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពី របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដែលរហូតមកដល់បច្ចុប្បន្ន ចំនួនអ្នកសារព័ត៌មាន ក៏ ដូចជាចំនួនអង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះផងដែរ ទាំង ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ទាំងប្រព័ន្ធផ្សព្វផ្សាយរបស់ឯកជនបានបំពាក់នូវឧបករណ៍បរិក្ខារដែល មានបច្ចេកវិទ្យាទំនើប ធានាគុណភាពការផ្សាយ និងមានវិសាលភាពគ្របដណ្តប់ទូទាំងប្រទេស និង ផ្សាយចេញទៅក្រៅប្រទេសដែលបង្ហាញអំពីសក្តានុពលនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មាន និងស្ថាប័ន សារព័ត៌មានទាំងអស់ដែលបានគាំទ្រ និងចូលរួមយ៉ាងពេញលេញជាមួយរាជរដ្ឋាភិបាល ក្នុងការ អនុវត្តគោលនយោបាយផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំង ការឆ្លង និងការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍បានទទួលជោគជ័យយ៉ាង ធំធេងជាបន្តបន្ទាប់នាពេលកន្លងមក ដែលជាឱកាសឱ្យយើងមានលទ្ធភាពបើកប្រទេសឡើងវិញ និងដាក់ឱ្យដំណើរការលើគ្រប់វិស័យដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានដំណើរការល្អ និងជាពិសេស នៅពេលថ្មីៗនេះ កម្ពុជាមានលទ្ធភាពរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ និង កិច្ចប្រជុំអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានទទួលជោគជ័យយ៉ាងធំធេងដែលធ្វើឱ្យកិត្យានុភាព កម្ពុជា កាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

មួយវិញទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសា្ថប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែងក្នុងការចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសបានដឹង និងស្វែងយល់នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃ ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះទើបបញ្ចប់នាពេលថ្មីៗកន្លងមកនេះ គឺជាជោគជ័យដ៏ត្រចះត្រចង់ដលកម្ពុជា សម្រេចបាន។ សមិទ្ធផលដ៏ធំធេង និងជាប្រវត្តិសាស្ត្រនេះ បានបង្ហាញពីកិច្ចសហការ និងភាពជា ដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសា្ថប័ន និងបងប្អូនអ្នកសារព័ត៌មាន ដែលបានពុះពារជំនះ រាល់ឧបសគ្គចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយនឹងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋបាន ទូលំទូលាយ និងទាន់សភាពការណ៍ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយរបស់យើងទទួលរងនូវផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចពីវិបត្តិនយោបាយសកល ក៏ដូចជាវិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

ទន្ទឹមនេះ ខ្ញុំក៏សូមកោតសរសើរចំពោះអង្គភាពសារព័ត៌មាន សមាគម និងក្លិបអ្នកកាសែត កម្ពុជា ដែលបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើ វិស័យសារព័ត៌មាន ពង្រឹងសមត្ថភាពយល់ដឹង និងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក៏ ដូចជាអក្ខរកម្មបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងព័ត៌មាន ដើម្បីបង្កើនសមត្ថភាពយល់ដឹង ផ្នែកក្រមសីលធម៌ វិជ្ជាជីវៈ និងមានសុចរិតភាពក្នុងការបំពេញការងារ ព្រមទាំងបង្កើនសមត្ថភាព ផ្នែកបច្ចេកទេស ដើម្បីដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន។

បងប្អូនអ្នកសារព័ត៌មានជាទីស្រឡាញ់រាប់អាន!

ជាមួយការខិតខំប្រឹងប្រែងរបស់អង្គភាពសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានមួយចំនួន ធំដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ថែរក្សាសុខសន្តិភាព និង លើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក៏នៅមានអ្នកសារព័ត៌មាន មួយចំនួនតូចបាន និងកំពុងបំពេញការងារដោយបំពានក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បានធ្វើការផ្សព្វផ្សាយនូវព័ត៌មានមិនពិតបំពុលសង្គម ជេរប្រមាថ អុចអាល ដែលបង្កនូវអរិភាពនៅក្នុងសង្គម ធ្វើឱ្យកើតមានជម្លោះ ការបែកបាក់សាមគ្គីភាព បង្កអស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលធ្វើឱ្យប៉ះពាល់តម្លៃ និងកិត្យានុភាពរបស់អ្នកសារព័ត៌មានអាជីព និងធ្វើឱ្យសាធារណជនបាត់បង់ជំនឿលើអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានទាំងមូល។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្ដល់អនុសាសន៍មួយចំនួនដល់វេទិកានិពន្ធនាយកសារព័ត៌មាន កម្ពុជា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្តដូចខាងក្រោម៖

 ១- ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មានដើម្បីរក្សាគុណតម្លៃ និងសេចក្ដីថ្លថ្នូររបស់ស្ថាប័នសារព័ត៌មាន។

២- បណ្តុះបណ្តាលអ្នកសារព័ត៌មានទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឱ្យអ្នកសារព័ត៌មានរបស់យើងដើរទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេល បច្ចុប្បន្ន។

៣- ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មាន ក្លែងក្លាយបំពុលសង្គមដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពចលាចល បាត់បង់សណ្តាប់ធ្នាប់ សង្គម។

៤- បន្តផ្សព្វផ្សាយនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែសកម្មថែមទៀត និងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់ៗគ្នា។ 

៥- ផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះឱ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជន។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការពិភាក្សារបស់បងប្អូននិពន្ធនាយក និងថ្នាក់ដឹកនាំអង្គភាពសារ ព័ត៌មានក្នុងវេទិកានេះ នឹងទទួលបានលទ្ធផលជាផ្លែផ្កាដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ទទួលបានជោគជ័យ ក្នុងការពិភាក្សារបស់ខ្លួន និងសូមបងប្អូនអ្នកសារព័ត៌មានទាំងអស់ជួបប្រទះនឹងពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖