ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសៅរ៍ទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុករតនមណ្ឌល ចាប់ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា ជនសង្ស័យមានឈ្មោះ ញឹក វុទ្ធី ហៅ ម៉ាប់ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ចំពោះការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
វត្ថុតាងចាប់យករួមមាន ៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៧ថង់ -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង -សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀងមួយចំនួន -ថង់សម្រាប់ចែករំលែកលក់ថ្នាំញៀនមួយចំនួន -ទូរសព្ទដៃម៉ាក oppo ចំនួន ០១គ្រឿង -លុយខ្មែរចំនួន ៨ម៉ឺនរៀល ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង នៅថ្ងៃសៅរ៍ទី១៧ ខែធ្នូនេះ ត្រូវកម្លាំងនគរបាលស្រុករតនមណ្ឌលកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី ៕
ដោយ៖សហការី