ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន ​៖​ សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់​ និងផ្ទុកនូវពពួកលោហៈធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់​ ដោយសំណល់នេះមានផ្ទុកនូវពពួកលោហៈធ្ងន់​ ដូចជា៖​ អាសេនិក ក្រូម កាត់ម្ញ៉ូម សំណ បារត និងសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ ដូចជាសារធាតុធន់នឹងភាពឆេះ និងសារធាតុគ្រោះថ្នាក់ផ្សេងទៀត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងបរិស្ថានតាមរយៈការទុកដាក់​ ការបោះចោល ការដុត ឬការដោះបំបែកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ នេះបេី​តាមការបញ្ជាក់ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងកាលពីយប់ថ្ងៃសុក្រទី១៦​ ខែធ្នូ​ម្សិលមិញនេះ​។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ដើម្បីទប់ស្កាត់ពីផលប៉ះពាល់ទាំងនេះ ក្រសួងបរិស្ថានបានរៀបចំលិខិតបទដ្ឋានគតិយុត្ត និងបានកំពុងសហការជាមួយក្រុមហ៊ុន Ecobatt ក្នុងការអនុវត្តគម្រោងប្រមូលសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកនៅតាមស្ថាប័នរដ្ឋ និងឯកជនយកមកទុកដាក់ឱ្យបានត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាពបរិស្ថាន។

នាពេលថ្មីៗនេះ ធនាគារវីងបានប្រគល់សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ដល់ក្រុមហ៊ុនEcobatt ប្រមាណ ២តោន ដើម្បីទុកដាក់ត្រឹមត្រូវតាមលក្ខណះបច្ចេកទេសសុវត្ថិភាពបរិស្ថាន។ 

ជាមួយគ្នានេះ​ ក្រសួងបរិស្ថាន​ សូមថ្លែងអំណរគុណដល់ធនាគារវីងដែលបានផ្តល់កិច្ចសហការចូលរួមក្នុងការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិច ហើយក្រសួងក៏សូមអំពាវដល់ស្ថាប័នរដ្ឋ និងឯកជនចូលរួមក្នុងការអនុវត្តគម្រោងគ្រប់គ្រងសំណល់ប្រភេទនេះ៕

ដោយ​៖សហការី​


ចែករំលែក៖