ខេត្តស្ទឹងត្រែង ៖ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទទី១៩ ខែធ្នូ ឆ្នាំ២០២២នេះថា៖ តាមការដកស្រង់ចេញពីបុរេជីវៈចម្រុះកំណត់ត្រាផូស៊ីលនៅកម្ពុជា ផូស៊ីលឈើ (Petrified Wood) បានរកឃើញនៅសងខាងទន្លេមេគង្គ តាមកោះ ក្នុងភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានចំណុចនិយាម WGS1984 (600630-1463360) ផូស៊ីលក្នុងតំបន់នេះទទួលរងការជីកកកាយចេញជាច្រើន។ នៅច្រាំងម្ខាងទៀតនៃទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រុមការងារក៏បានប្រទះឃើញផងដែរ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ក្នុងភូមិសាស្ត្រនេះ មានការលេចចេញជាបំណែកតូចៗ និងបំណែកដើមឈើថ្មធំមួយកប់ក្នុងដីជម្រៅប្រមាណ២ម៉ែត (រូបទី៧១-៧៤)។
ដោយឡែកការកប់នៃដើមឈើថ្មនេះក្នុងស្រទាប់ដីឥដ្ឋ ល្បាប់ចាស់ដែលជាប្រភេទផ្សេងៗគ្នា ផ្នែកខាងលើជាស្រទាប់ដីល្បាប់ដែលមានលាយឡំជាមួយស្រទាប់ក្រួសជាច្រើន ដែលនេះអាចបញ្ជាក់ថានៅស្រទាប់ខាងលើជាស្រទាប់ដែលធ្លាប់មាន ការហូរច្រោះខ្លាំង និងបាននាំយកមកនៅក្រួសជាច្រើនយកមកចាក់បង្គរ៕
ដោយ៖សហការី