ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​៖​ សត្វក្រៀលចំនួន ២៦ក្បាល បានមកដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅរហូតមកដល់ពេលនេះ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះថា៖​ តាមការដកស្រង់ចេញពី​អង្គការជីវិតធម្មជាតិ​ សត្វក្រៀលចំនួន ២៦ក្បាល បានមកដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅរហូតមកដល់ពេលនេះ។ ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាក្នុងការតាមដាននិងការពារទីជម្រកសត្វក្រៀលកំពុងរងគ្រោះជិតផុតពូជនេះ។ យោងតាមលទ្ធផលជំរឿនសត្វក្រៀលឆ្នាំ២០២០ កម្ពុជាមានសត្វក្រៀលចំនួន ១៩៤ក្បាល។ នៅឆ្នាំ២០២១ ចំនួនសត្វក្រៀល មានការធ្លាក់ចុះនៅសល់តែ ១៦៤ក្បាល ហើយនៅឆ្នាំ២០២២នេះ របាយការណ៍បណ្តោះអាសន្ន ចំនួនសត្វក្រៀលបា បន្តធ្លាក់ចុះនៅសល់ត្រឹមជាង ១៥០ក្បាលទេ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២។ 

​យោង​តាម​ការសិក្សា​របស់​អ្នកជំនាញ​ ​ចំនួន​សត្វ​ក្រៀល​នៅ​លើ​ពិភពលោក​សព្វថ្ងៃនេះ​ ​មាន​ចន្លោះ​ពី​ ​១​៣​០០០ ​ទៅ​ ​១​៥​០០០ ​ក្បាល​ ​ដែល​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​អូស្ត្រាលី​ ​វៀតណាម​ ​ឡាវ​ ​និង​កម្ពុជា​។​ សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ ប្រសិនបើសិនយើងបានទស្សនាប្រាសាទបាយ័ននៅ ខេត្តសៀមរាប យើងនឹងឃើញរូបចំលាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម។ នៅក្នុងទ្វីបអាស៊ី សត្វក្រៀល គឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។ ពួកវាក៏ត្រូវបានគេគិតថាជានិមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវា។ នៅក្នុងប្រទេសភូមា សត្វក្រៀលត្រូវបានគេឃើញមានក្នុងពុទ្ធសាសនា។ 

សត្វក្រៀលតែងតែបង្ហាញវត្តមាននៅទីតាំង ៣ សំខាន់ គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅខេត្តតាកែវដើម្បីរកចំណីបន្តការរស់នៅក្នុងតំបន់ដីសើមដែលសម្បូណ៌ចំណីនេះពីខែធ្នូដល់ខែកុម្ភៈរៀងរាល់ឆ្នាំ ខណៈ នៅរដូវពងកូន សត្វនេះនឹងផ្លាស់ទីទៅតំបន់ព្រៃរបោះក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ។

ក្រសួងបរិស្ថាន​ក៏បាន​និង​កំពុង​ធ្វើការ​ជាមួយ​អង្គការ​ដៃគូ​ ​ដើម្បី​អភិ​រក្ស​សត្វ​ក្រៀល​ ​និង​ទី​ជម្រក​របស់​ពួកវា​ ​ដោយមាន​មន្ត្រី​ឧទ្យានុរក្ស​ចុះ​ល្បាត​ជាប្រចាំ​កន្លែង​ដែល​សត្វ​ក្រៀល​រស់នៅ​ ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ការ​គ្រប់គ្រង​តំបន់​ដីសើម​ដែល​បាន​កំណត់​។​ ចូលរួមការពារតំបន់ការពារទេសភាពបឹងព្រែកល្ពៅទាំងអស់គ្នា !!!៕

ដោយ​៖សហការី​


ចែករំលែក៖