ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មរបស់គណបក្សស្តាំនិយម នៅទីក្រុងប៉ារីសទាមទារឱ្យបារាំងចាកចេញពីអង្គការណាតូនិងសហភាពអឺរ៉ុប

ចែករំលែក៖

គណបក្សស្តាំនិយមជ្រុល Les Patriotes បានធ្វើការតវ៉ាទ្រង់ទ្រាយធំនៅទីក្រុងប៉ារីស ប្រឆាំងនឹងគោលនយោបាយរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនិងសហភាពអឺរ៉ុប ដោយទាមទារឱ្យប្រទេសបារាំងពិនិត្យឡើងវិញនូវសមាជិកភាពរបស់ខ្លួននៅក្នុងអង្គការនេះ។
តាមសារព័ត៌មាន The Press United បានផ្សាយថា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ប្រជាជនជាច្រើនបានប្រមូលផ្តុំគ្នានៅតាមផ្លូវក្នុងទីក្រុងប៉ារីស (ប្រទេសបារាំង) ដើម្បីតវ៉ាប្រឆាំងនឹងសមាជិកភាពរបស់ប្រទេសបារាំងនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសហភាពអឺរ៉ុប (EU) ។
ការតវ៉ាទ្រង់ទ្រាយធំត្រូវបានរៀបចំឡើងដោយអតីតគណបក្សស្តាំនិយម Les Patriotes (អ្នកស្នេហាជាតិ)។ មេដឹកនាំគណបក្សលោក Florian Philippot បាននិយាយថា គោលបំណងនៃការតវ៉ានេះគឺដើម្បីទាមទារឱ្យប្រទេសបារាំងចាកចេញពីអង្គការណាតូនិងសហភាពអឺរ៉ុប ក៏ដូចជារិះគន់គោលនយោបាយសេដ្ឋកិច្ច និងការបរទេសរបស់ប្រធានាធិបតី Emmanuel Macron ។
ក្រុមអ្នកតវ៉ាបានកាន់បដាដែលសរសេរថា “បារាំងត្រូវតែចាកចេញពីណាតូ” “ការតស៊ូ” និងលើកទង់ជាតិបារាំង។ ក្រុមអ្នកតវ៉ានិយាយថា គោលនយោបាយសហភាពអឺរ៉ុបនិងអង្គការណាតូបង្កឱ្យមានភាពតានតឹង និងវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប។
យោងតាមគេហទំព័ររបស់គណបក្ស Les Patriotes ការតវ៉ាស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅក្នុងខែកញ្ញា និងខែតុលា។អាជ្ញាធរបារាំងមិនបានធ្វើអត្ថាធិប្បាយ និងមិនបានផ្តល់តួលេខផ្លូវការលើការតវ៉ានោះទេ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ plo.vn)


ចែករំលែក៖