ខេត្តពោធិ៍សាត់ ៖ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម្សិលមិញនេះ ស្ថិតនៅចំណុចផ្ទះជនសង្ស័យ ក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់នៅព្រឹកថ្ងៃអង្គារទី២០ ខែធ្នូនេះដែរថា៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងតាមមតិចង្អុលដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាច ដឹកនាំដោយលោកអធិការនគរបាលស្រុកក្រគរផ្ទាល់ និងដោយមានការសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានចេញប្រតិបត្តិចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជាមុខសញ្ញាជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ សុខ ផេង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្ថិតក្នុងភូមិ.ឃុំខាងលើ ។
វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៣កញ្ចប់ ទម្ងន់ ២.៤៩ក្រាម ថ្លឹងសាច់ថ្នាំ
-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំចំនួន០១
-ថង់ផ្លាស្ទិចសម្រាប់រំលែកថ្នាំមួយចំនួន
-សម្ភារៈជក់មួយកំផ្លេរ
-ក្រឡពណ៌ខ្មៅសម្រាប់ដាក់ថ្នាំញៀនចំនួន០១
-ទូរស័ព្ទដៃ០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំនីតិវិធីបញ្ជូនបន្ត ៕
ដោយ៖ អរុណរះ