ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី​ ឧបត្ថម្ភស្បៀងអាហារ ជូនដល់អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច នៅឃុំក្រយា ស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ ៖​ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំសហការី ក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បន្តនាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ  មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតចំនួន២០គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ 

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការដឹងគុណចំពោះវីរភាពដ៏ថ្លៃថ្លារបស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ រហូតធ្លាក់ខ្លួនពិការ ហើយ​មួយ​ចំនួន​ទៀត​បាន​ពលី​ជីវិត​ ដើម្បីចូលរួមចំណែក​ទប់ស្កាត់​ការ​វឹល​ត្រឡប់​មក​វិញ​នៃរបបប្រល័យពូជសាសន៍​ប៉ុល​ ពត​ និងជាប្រតិបត្តិករចូលរួមអនុវត្តន៍នូវនយោបាយឈ្នះ​ឈ្នះ​ របស់​សម្តេច​តេជោ ហ៊ុន​ សែន​ ក្នុង​ការ​បញ្ចប់​សង្គ្រាម​ បង្រួបបង្រួម​ជាតិ​​ ធ្វើឲ្យប្រទេសជាតិយេីងមានសុខសន្តិភាពពេញលេញនិងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិនិងមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន ដែល​ជាម្ចាស់ផ្ទះ ជាមួយប្រទេសមហាអំណាចធំៗនៅលើពិភពលោក ហើយ​ជាមួយ​នោះ​ផងដែរ​សម្តេចតេជោក្នុងនាមប្រធានអាស៊ានបានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំអាស៊ានជាមួយសហភាពអឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែលប្រទេលបែលហ្សុិក និងបាន​​បន្ត​អញ្ជើញ​ទស្សនកិច្ចផ្លូវរដ្ឋទៅ​កាន់​ប្រទេស​បារាំង​ក្នុងនាម​​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ និង​ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​  ដែល​ត្រូវ​បាន​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ាណុយអែល ម៉ាក្រុង ទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅជាទីបំផុត​ ដែល​នេះជា​ជោគជ័យ​ដ៏​ត្រចះត្រចង់​ និង​ជា​មោទនភាព​របស់​កម្ពុជា​នៅ​លេីឆាកអន្តរជាតិ​ ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់បងប្អូនអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលីទាំងអស់  ដែលកំពុងរស់នៅដីសម្បទានសង្គមកិច្ច ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌឹត សូមឲ្យបងប្អូនខិតខំបង្កបង្កើនផលដោះស្រាយជីវភាពគ្រួសារ ដើម្បីកសាងជីវភាពថ្មី ឲ្យកាន់​តែប្រសើរ​ថែមទៀត។  ជា​មួយ​នេះ​ដែរ​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន បញ្ជាក់ថាអំណោយ ដែលបានឧបត្ថម្ភជូនបងប្អូនអតីតយុទ្ឋជននៅពេលនេះគឺជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី​ ពេជ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រី១យួរ និងត្រីខកំប៉ុងចំនួន១យួរចំនួនផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖