កម្លាំងទាហានជើងទឹកថៃបានប្រកាសរកឃើញសាកសពកម្លាំងទាហានជើងទឹកវាយឡើងគោក៦នាក់ ក្រោយពេលនាវាធុនតូចមួយគ្រឿងរបស់កម្លាំងនេះបានលិចនៅឈូងសមុទ្រប្រទេសថៃ ។ នៅពេលនេះនៅមានទាហាន២៣នាក់ទៀតបាត់ខ្លួននៅឡើយទេ។
តាមសារព័ត៌មាន The Guardianបានឱ្យដឹងថា នាវាចម្បាំង HTMS Sukhothai បានលិចដោយសារតែខ្យល់ខ្លាំង រលកសមុទ្រធំៗ កម្ពស់៤ម៉ែត្របានវាយលិចនាវានៅយប់ថ្ងៃទី ១៨ខែសីហា។ ក្នុងពេលគ្រោះថ្នាក់កើតឡើង នៅលើនាវាមានមនុស្ស សរុប១០៦នាក់ ដោយមានមនុស្សមួយចំនួនមិនមានអាវពោងពាក់គ្រប់គ្នានោះឡើយ។
យោធាជើងទឹកថៃបានឱ្យដឹងថា មកទល់ពេលនេះ នាវិកសរុប៧៥នាក់ត្រូវបានជួយសង្រ្គោះ ក្រោយការលិចនាវាចម្បាំងធុនតូច ឈ្មោះ អេកធីអឹមអេស សុខោទ័យ (HTMS Sukhothai) ដោយម្នាក់ត្រូវបានរកឃើញនៅរស់រានមានជីវិតកាលពីថ្ងៃអង្គារ នៅចម្ងាយ៦០គីឡូម៉ែត្រពីកន្លែងដែលនាវាបានលិច ខណៈដែលក្នុងថ្ងៃជាមួយគ្នានោះ សាកសពនាវិក៦នាក់ ក៏ត្រូវបានរកឃើញផងដែរ។ ដូច្នេះនៅសល់នាវិក២៣នាក់ដែលកំពុងបន្តបាត់ខ្លួន។
នាវាចម្បាំង សុខោទ័យ ដែលមានផ្ទុកនាវិកសរុប១០៥នាក់ បានជួបបញ្ហាគាំងគ្រឿងម៉ាស៉ីន ហើយលិចនៅចម្ងាយខ្ទង់៣៧គីឡូម៉ែត្រពីខេត្តប្រជួបគីរីខន្ធ (Prachuap Khiri Khan) ភាគខាងត្បូងប្រទេសថៃ កាលពីវេលាម៉ោងប្រហែល ១១ៈ៣០នាទីយប់ថ្ងៃអាទិត្យអំឡុងពេលមានព្យុះបោកបក់ខ្លាំង។ យោធាថៃបានចល័តនាវា យន្តហោះ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង សម្រាប់ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ៕ ដោយ៖ ធីរីណា
រូបថត ៖ Vietnamnet