ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសេចក្តីជូនដំណឹង ស្តីពី “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” ថ្នាក់បរិញ្ញាបត្រ រហូតដល់ ៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៣។
សូមបញ្ជាក់ថា, ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ( Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២០មក។
កម្មវិធីអាហារូបករណ៍នេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន 250នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។ ដោយមើលឃើញអំពីភាពជោគជ័យនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានសម្រេចផ្តល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល រហូតដល់ ៥០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាដើម។
១. អត្ថប្រយោជន៍នៃអាហារូបករណ៍
និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖
– កុំព្យូទ័រយួរដៃ ១គ្រឿង
– ទទួលបានការរ៉ាបរងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣.១០០ ដុល្លារ រហូតដល់ ២៤.៧០០ ដុល្លារ
– ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬធនាគារជាដើម។
២. គ្រឹះស្ថានអប់រំនិងជំនាញសិក្សា
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញនិងចំនួនកំណត់ដូចខាងក្រោម៖
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)
– ទូរគមនាគមន៍ និងបណ្តាញ (Telecoms and Networking)
– វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
– ធុរកិច្ចឌីជីថល ( Digital Business )
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
– វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
– ទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecoms and Electronic)
– បច្ចេកវិទ្យាព័ត៌មាន (Information Technology)
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
– វិស្វករបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (Information and Communication Engineering)
– អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecoms)
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
– បច្ចេកវិទ្យាក្លោដ (Cloud Computing)
– សន្តិសុខសាយប័រ (Cybersecurity)
– អភិវឌ្ឍន៍សុសវែរ (Software Development)
– គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)
– បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)
និងសាកលវិទ្យាល័យជំនាញបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត។
៣. លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន បេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម៖
– ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២ ដែលមាននិទ្ទេសរួម A B ឬ C
– ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ សិស្សដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត។
៤. កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង
ការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២3។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។
សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល ៕
ដោយ ៖ សហការី