ព័ត៌មានទាន់ហេតុការណ៍៖

ថ្មីៗនេះ រដ្ឋបាលខេត្ត សង្កេតឃើញមានក្រុមជនខិលខូចមួយចំនួន បានបំផុសចលនាដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាឱ្យមកកាន់ ខេត្តព្រះវិហារ ចាប់យកដីរដ្ឋ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា៖ ថ្មីៗនេះ រដ្ឋបាលខេត្ត សង្កេតឃើញមានក្រុមជនខិលខូចមួយចំនួន បានបំផុសចលនាដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាឲ្យមកកាន់ ខេត្តព្រះវិហារ ដើម្បីទទួលយកការបែងចែកដីលំនៅដ្ឋាន និងដីសម្រាប់ធ្វើកសិកម្មនៅតាមភូមិសាស្ត្រស្រុកមួយចំនួន ក្នុងខេត្តព្រះវិហារ ដែលជាទីតាំងដីរបស់រដ្ឋ។

ក្នុងខ្លឹមសារសេចក្តីប្រកាសបានបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងភូមិសាស្ត្រក្រុង ស្រុកទាំង ០៨ ទូទាំងខេត្ត គឺ ពុំមានគោលនយោបាយបែងចែកដីធ្លីជូនប្រជាពលរដ្ឋសម្រាប់ដីលំនៅដ្ឋាន និងដីកសិកម្មនោះទេ។ រាល់ព័ត៌មានដែល បំផុសឲ្យប្រជាពលរដ្ឋមកទទួលយកដីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ គឺជាសកម្មភាពបោកបញ្ឆោត និងឆបោករបស់ជនខិលខូចក្នុងគោលដៅកេងយកផលប្រយោជន៍តែប៉ុណ្ណោះ។ សកម្មភាពចូលកាប់ទន្ទ្រាន និងរានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិ គឺជាសកម្មភាពខុសច្បាប់។

រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន សូមកុំឲ្យចាញ់ការបោកបញ្ឆោត និងការឆបោករបស់ជនខិលខូចមួយចំនួន ដែលអាចធ្វើឲ្យខាតបង់ផលប្រយោជន៍ និងបង្កជាបទល្មើសដោយប្រការណាមួយ។

បច្ចុប្បន្ន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពុងដឹកនាំកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ ស្វែងរក និងកំណត់មុខសញ្ញាជនខិលខូចទាំងនេះ ដើម្បីយកមកអនុវត្តតាមវិធានការច្បាប់។

សូមប្រជាពលរដ្ឋ និងសាធារណជន ចូលរួមសហការផ្ដល់ព័ត៌មានអំពីមុខសញ្ញាជនខិលខូចខាងលើ តាមរយៈប្រព័ន្ធប្រតិកម្មរហ័សរបស់រដ្ឋបាលខេត្តលេខ៤៣៣៣ ៕

ដោយ : សហការី


ចែករំលែក៖