ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រៀបចំអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២២ ក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ដើម្បីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ”សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត” នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត  យុវជនកាកបាទក្រហមកម្ពុជា សរុបអ្នកចូលរួមចំនួន ៥៦ នាក់។ 

ដោយពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថាឡាបរិវ៉ាត់។ មានប្រសាសន៍ក្នុង ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធនានា បង-ប្អូនអ្នកស្ម័គ្រចិត្ត ក្មួយៗ ជាយុវជនកាកបាទ ក្រហមកម្ពុជាទាំងអស់ ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌នៅទូទាំងខេត្តស្ទឹងត្រែង។

លោកប្រធានគណៈកម្មាធិការសាខា បានបន្ថែមទៀតថា: ដើម្បីអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ នេះ សាខាកាកបាទ ក្រហមកម្ពុជាខេត្ត តែងតែរៀបចំពិធីនេះធ្វើឡើងក្នុងគោលបំណង កោតសរសើរ និងថ្លែងអំណរគុណ ការខិតខំប្រឹងប្រែងរបស់ យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ មិនមែនមានតែយុវជន និងអ្នកស្ម័គ្រកាកបាទក្រហមកម្ពុជាមួយទេ គឺគ្រប់ស្ថាប័ន អង្គការនានា ដែលបានបំពេញភារកិច្ចជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត។

ក្នុងនោះដែរលោកស្វាយ សំអ៊ាង បានចាត់ទុកយុវជនកាកបាទក្រហមកម្ពុជា និង អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា គឺ កំលាំងចលករមនុស្សធម៍ដល់សំខាន់មួយ របស់កាកបាទក្រហមកម្ពុជាយើង ដើម្បីឆ្លើយតប ឲ្យទាន់ពេលវេលា ជួយដល់ប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក និង គ្រោះថ្នាក់ផ្សេងៗ។ បានបន្តទៀតថា: អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាមិនត្រឹមមាននៅតាមសហគមន៍នោះទេ ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា និងថ្នាក់ដឹកនាំគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង០៦ ក៏ជាអ្នកស្ម័គ្រចិត្ត ដែលបានប្រឹងប្រែងទំាងកម្លាំងកាយចិត្ត និងចំណាយពេលវេលាផ្ទាល់ខ្លួនដោយមិនខ្លាចនឿយហត់ ដើម្បីចូលរួមការងារមនុស្សធម៌។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ស្វាយ សំអ៊ាង  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែងបានប្រគល់ប័ណ្ណសរសើរដល់យុវជនកាកបាទក្រហម និង អ្នកស្ម័គ្រចិត្ត ផងដែរ៕

ដោយ៖ មាស សុផាត


ចែករំលែក៖