ខេត្តព្រះសីហនុ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ ។
ផ្លូវដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ ផ្លូវជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា ដែល១ខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ ១ខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន (តីរវិថី គឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ផ្លូវទាំងពីរខ្សែនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ។ ផ្លូវនេះគឺដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ។
នាឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ៗដូចខាងក្រោម៖
– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣ រួមមាន៖ រាជធានីភ្នំពេញ, ព្រះសីហនុ និងសៀមរាប ដែលទាមទារឱ្យរាជរដ្ឋាភិបាលប្រឹងប្រែងពង្រឹង ស្តារឡើងវិញនូវហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ ធានានិរន្តរភាពសេដ្ឋកិច្ច។
– សម្តេចតេជោ ហ៊ុន សែន បានស្តាប់ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធផ្លូវខេត្តទាំងពីរខ្សែនេះ ដែលពីមុន ពិបាកក្នុងការធ្វើដំណើរ និងចំណាយពេលយូរ។
-សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការប្ដឹងទាសំណងលើទណ្ឌិត សម រង្ស៊ី ដែលបច្ចុប្បន្នសម្ដេចទទួលបានចំនួន ៧០ម៉ឺនដុល្លារហើយ ខណៈលោក សុន ឆ័យ ក៏កំពុងតែជាប់បណ្ដឹងផងដែរ៕នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនឱ្យម្ចាស់រថយន្តដឹកទំនិញផ្សេងៗធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាជាងផ្លូវធម្មតាផ្លូវជាតិលេខ៤ ពីព្រោះវាផ្តល់ភាពងាយស្រួលជាងទាំងចំណេញពេលវេលាផង និងចំណេញថវិកាលើថ្លៃប្រេងសាំងផង។
– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីប្រវត្តិជូរចត់ក្នុងពេលផ្តើមស្នេហ៍រវាងសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលគ្រានោះបញ្ហាទាំងឡាយបានកើតឡើង ពាក់ព័ន្ធនឹងការធ្វើដំណើរ ។ សម្តេចបញ្ជាក់ថា «ពេលល្អយើងជិះកង់ ដល់ពេលផ្លូវលំបាកកង់ត្រូវជិះយើងវិញ»។
– សម្តេចតេជោ ហ៊ុន សែន បានថ្លែងពីគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងទំនើបកម្មផ្លូវនានាក្នុងពេលបន្តបន្ទាប់រួមមាន៖ ការស្ថាបនាស្ពាន, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, គម្រោងផ្លូវដែកល្បឿនលឿនទៅកាន់ព្រំដែនថៃ និងគម្រោងផ្លូវដែកក្រោមដី ឬលើអាកាសផងដែរ។
– សម្តេចតេជោ ហ៊ុន សែន បាននិយាយដល់ក្មេងជម្លើយម្នាក់ឈ្មោះ «សួងនាគព័ន្ធ» ដែលបានចូលទៅ Commment ក្នុងផេក Facebookផ្លូវការរបស់សម្តេច ហើយសម្តេចសម្តេចបញ្ជាក់ថា «Commmentនោះ សម្តេចនឹងមិនលុបចោលនោះទេ ទុកឱ្យប្រជាពលរដ្ឋមើលសំណេរក្មេងដ៏ឈ្លើយនោះ»។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសបារាំង និងតំបន់អឺរ៉ុប ដែលពេលនោះ ក្រុមប្រឆាំងតវ៉ាដឹកនាំដោយទណ្ឌិតរត់ចោលស្រុកក្រកូលក្បត់ជាតិ ៣ជំនាន់ មានគ្នាតែជាង៦០នាក់ប៉ុណ្ណោះ ខណៈដែលប្រជាពលរដ្ឋមកជួបសម្តេចជាង២.០០០នាក់ឯណោះ។ សម្តេចបញ្ជាក់ថា «ពេលនោះចង់បាន៥.០០០នាក់ក៏បានដែរ ឱ្យតែមានសាលដាក់(កន្លែងជួបជុំសំណេះសំណាល)»។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន សូមប្រើប្រាស់ផ្លូវល្បឿនលឿន(ភ្នំពេញ-ព្រះសីហនុ) ដែលចំណេញពេលវេលា និងថវិកា ហើយសម្តេចក៏នឹងអាចបើកបរដោយខ្លួនឯងនៅថ្ងៃណាមួយ តាមផ្លូវល្បឿនលឿននេះផងដែរ។
– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០២២ សម្តេចមានបេសកកម្មជាច្រើនតាមបណ្តាខេត្តនានា ក្នុងនោះរួមមាន៖ ការសម្ពោធបើកការដ្ឋានស្ថាបនា និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមកម្មវិធី ដែលបានគ្រោងទុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល ទោះជាត្រូវប្រឈមមុខនឹងបញ្ហាកូវីដ-១៩ក៏ដោយ នៅតែប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តព្រះសីហនុ រួមទាំងផ្លូវល្បឿនលឿនផងដែរ។
– សម្តចេតេជោ ហ៊ុន សែន ថ្លែងថា ការតភ្ជាប់ដែលមានភាពល្អប្រសើរ បានផ្តល់ប្រយោជន៍ខ្លាំងណាស់ដល់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ ពេលវេលា និងថវិកា ដែលជាកត្តាសត្យានុម័ត មិនអាចប្រកែកបាន។ សម្តេចបញ្ជាក់ថា «អ្នកទទួលផលសំខាន់បំផុត គឺអ្នករស់នៅតាមសងខាងផ្លូវតែម្តង»។
– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិធានការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់ នៅតែបន្តសកម្មភាពជាប់ជានិច្ច ហើយសម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ សូមមេត្តាកុំដឹកលើសទម្ងន់ ដែលជាផ្នែកមួយអាក្រក់បំផុតនាំឱ្យខូចខាតផ្លូវ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវ សូមគោរបច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជាប់ជានិច្ច ខណៈដែលគ្រោះថ្នាក់ចរចរណ៍បានកើតឡើងរៀងរាល់ថ្ងៃ បណ្តាលឱ្យមានមនុស្សស្លាប់-របួស និងខូតខាតទ្រព្យសម្បត្តិជាច្រើន។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ ជាជាងខ្លាចនគរបាលចរាចរណ៍អនុវត្តន៍ច្បាប់។ សម្តេចបញ្ជាក់ថា «បើយើងមិនខុស មិនរំលោភច្បាប់ចរាចរណ៍ គ្មាននរណាមកចាប់ផាកពិន័យយើងទេ»។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីភាពជោគជ័យជាប្រធានអាស៊ានប្តូរវេនរបស់កម្ពុជានៅឆ្នាំ២០២២នេះ ដែលឯកសារជាច្រើនត្រូវបានទម្លុះទម្លាយ និងសមាជិកភាពបន្ថែមរបស់ទីម័រ ឡេស្តត្រូវបានឯកភាពជាសមាជិកទី១១របស់អាស៊ាន និងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយបណ្តាប្រទេសដៃគូធំៗ និងមហាអំណាចជាច្រើន។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឪពុកម្តាយ យាយតា ចាស់ជរា សូមមានការប្រុងប្រយ័ត្ន គិតគូពីសុខភាពរបស់គាត់ឱ្យបានជាប់ជាប្រចាំនៅក្នុងរដូវរងារនេះ ព្រោះចាស់ៗចាញ់រងារណាស់។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឱ្យនាំគ្នាប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលតួលេខប្រចាំថ្ងៃ នៃការឆ្លងថ្មីជំងឺកូវីដ-១៩មានការឡើងចុះ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅភ្នំពេញ និងសៀមរាប និងបណ្តាខេត្តនានា ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់គណៈប្រតិភូសមាជិកអាស៊ាន និងប្រទេសដៃគូមកប្រជុំនៅកម្ពុជា ។សម្តេចក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលបានរៀបចំកិច្ចប្រជុំ និងជំនួបនានាប្រកបដោយភាគជោគជ័យ និងមោទកភាពជាតិខ្មែរ។
– សម្តេចតេជោ ហ៊ុនសែន ប្រកាសដល់ទណ្ឌិតត្រកូលក្បត់ជាតិ ៣ជំនាន់ ដែលចោទសម្តេចរំលោភអំណាចជាប្រធានអាស៊ានទៅលួចជួបជាមួយប្រធានាធិបតីបារាំង និងធ្វើជាសហប្រធានដៃគូសន្ទាអាស៊ាន-អឺរ៉ុបកាលពីពេលកន្លងទៅ ដែលជាការប្រមាថធ្ងន់ធ្ងរមិនត្រឹមតែសម្តេចនោះទេ តែជាការប្រមាថដល់មេដឹកនាំបារាំង អាល្លឺម៉ង់ និងមេដឹកនាំជាច្រើននៅអឺរ៉ុប។
– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នាឡិកាអាស៊ានសម្រាប់ផ្តល់ជូនសមាជិកអាស៊ាន និងប្រទេសដៃគូ មកប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា ចំណាយថវិកាផល្លិតជាង កន្លះលានដុល្លារអាមេរិក ដោយមួយគ្រឿងៗចំណាយការផលិតមិនក្រោម២ម៉ឺនដុល្លារនោះទេ។ សម្តេចក៏បានសម្តែងការសោកស្តាយ ដែលមិនបានផ្តល់ជូនអង្គការដៃគូ ដោយសារនាឡិកាអាស៊ានផលិតមកមានចំនួនកំណត់៕
ដោយ៖ ស តារា