ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួងការពារជាតិនឹងរៀបចំពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឈ្នះឈ្នះ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំង ប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់វេលាម៉ោង ១២:០០នាទី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌព្រែកព្នៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យ មានប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ សិលា