ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងនិងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ក្រោមអធិបតីភាព លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគបាលជាតិ តំណាងស្ថាប័នចំណុះក្រសួងមហាផ្ទៃ អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា យោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យបង្កើតក្រុមការងារដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាង និងសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃនៃព្រះរាជណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។
ហេតុដូចនេះក្នុងកិច្ចប្រជុំនៅពេលនេះ អង្គប្រជុំទាំងមូលនឹងពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាឱ្យទទួលបានជោគជ័យជាមុនសិន មុនបន្តចូលទៅដល់អនុស្សរណៈមួយទៀត។
សូមបញ្ជាក់ថា ការរៀបចំអនុស្សរណៈនេះឡើង សម្រាប់គោលបំណងដើម្បីពង្រឹង និងបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ក្នុងក្របខណ្ឌនៃគោលការណ៍គោរពអធិបតេយ្យ សមភាព និងប្រយោជន៍ទៅវិញទៅមក។ ក្នុងនោះផងដែរក្នុងគោលដៅចាំបាច់លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំងនិងបទល្មើសព្រហ្មទណ្ឌផ្សេងទៀតសម្រាបតាមច្បាប់ជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់គូភាគី សំដៅធានាស្ថិរភាព ការពារសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងនូវការអរគុណចំពោះការចូលរួមរបស់ អនុប្រធាន សាមជិក សមាជិកានៃក្រុមការងារដែលបានចូលរួមពិភាក្សាផ្តល់ជាធាតុចូលយ៉ាងសំខាន់ ចូលទៅក្នុងសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ានេះ៕
ដោយ ៖ សហការី