ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថម្ភថវិកាចំនួន ៤០លានរៀល ដល់ស្ត្រីរងគ្រោះរូបនេះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីមើលឃើញព័ត៌មានតាមប្រព័ន្ធសង្គម រៀបរាប់យ៉ាងច្រើនអំពីកម្មការិនីកាត់ដេរឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ ដែលជាស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យនៃមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង នៅខេត្តកំពង់ស្ពឺ កាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ ហើយលោកបានជួយឧបត្ថម្ភ ដើម្បីសង្គ្រោះស្ត្រីខាងលើឱ្យមានភាពប្រសើរឡើងវិញចំពោះសុខភាព។
ដោយសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ មានអាការៈធូរស្រាល មូលនិធិ ហោ ណាំហុង-បូរី ហោ បានឧបត្ថម្ភថវិកាទៅព្យាបាលនៅបាងកក ប្រទេសថៃ ដើម្បីអាចតពោះវៀនថ្មីបាន។ ឥឡូវឈ្មោះសឿន ស្រីអូន មានសុខភាពល្អប្រសើរច្រើន អាចប្ដូរទៅមន្ទីរពេទ្យជូឡាឡុងកន ដើម្បីប្ដូរពោះវៀនថ្មី ដែលត្រូវការថវិកាច្រើន ដើម្បីវះបញ្ចូលពោះវៀនថ្មី។
មូលនិធិ ហោ ណាំហុង-បូរី ហោ នឹងបន្ដជួយខ្លះបន្ថែមទៀតក្នុងការវះកាត់នេះ ហើយអំពាវនាវដល់សប្បុរសជនចូលរួមចំណែកជួយជីវិតនាង សឿន ស្រីអូន ដែលមិនអាចរស់រានមានជីវិតបានដោយគ្មានការវះកាត់ដាក់ពោះវៀនថ្មីនេះ។
ក្រសួងសុខាភិបាល បានបិទគ្លីនិកនេះ និងដកសិទ្ធិអ្នកគ្រូពេទ្យ ជាមួយនឹងវិធានការតាមផ្លូវច្បាប់ ទៅលើម្ចាស់គ្លីនិក ដោយគ្មានការលើកលែង ខណៈមានការធ្វេសប្រហែស មកលើអ្នកចូលព្យាបាល ៕
ដោយ ៖ សហការី