ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង ៖ កូរ៉េខាងជើងបាញ់មីស៊ីលទៅកាន់តំបន់សមុទ្រភាគខាងកើត

ចែករំលែក៖

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃទី២៣ខែធ្នូបានផ្សាយថា កូរ៉េខាងជើងទើបតែបាញ់មីស៊ីលពីរគ្រាប់ចូលទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះ ។ ការបាញ់សាកល្បងធ្វើឡើងក្រោយរយៈពេលមួយសប្តាហ៍ដែលកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយមធ្យម ២គ្រាប់។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៉ីលផ្លោងមួយគ្រាប់ឆ្ពោះទៅសមុទ្រភាគខាងកើត ប៉ុន្តែមិនទាន់កំណត់អត្តសញ្ញាណបានថាជាប្រភេទអ្វីនៅឡើយទេ។
អគ្គសេនាធិការចម្រុះយោធាកូរ៉េខាងត្បូងមិនបានផ្តល់ព័ត៌មានលម្អិតថាតើជាមីស៉ីលប្រភេទណា និងថាតើវាហោះបានចម្ងាយប៉ុន្មាននោះទេ។ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន ក៏បាននិយាយថា មីស៉ីលដែលកូរ៉េខាងជើងបានបាញ់ អាចជាមីស៊ីលផ្លោងអន្តរទ្វីប។ ភ្លាមៗនេះ មិនទាន់មានសេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងលើការបាញ់មីស៉ីលដែលបានរាយការណ៍នេះទេ។
ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលយ៉ាងច្រើន រួមទាំងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបរយៈចម្ងាយឆ្ងាយកាលពីខែវិច្ឆិកា ខណៈដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមានជាច្រើនខែមកហើយថា កូរ៉េខាងជើងកំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរលើកទី៧របស់ខ្លួន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ TTXVN-VNA


ចែករំលែក៖